ការ​ប្រយុទ្ធ​ក្បែរ​ព្រលាន​យន្តហោះ​យោធា​ក្នុង​ប្រទេស​ស៊ីរី​ធ្វើ​ឱ្យ​មនុស្ស​ចំនួន​ ៥៦​នាក់​ស្លាប់

331
ការ​ប្រយុទ្ធ​ក្បែរ​ព្រលាន​យន្តហោះ​យោធា​ក្នុង​ប្រទេស​ស៊ីរី​ធ្វើ​ឱ្យ​មនុស្ស​ចំនួន​ ៥៦​នាក់​ស្លាប់

ស៊ីរី​៖ ការ​ប្រយុទ្ធ​បាន​កើត​មាន​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិល​មិញ​ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ឧទ្ទាម​បះ​បោរ​នា​ភាគ​ពាយព្យ​ប្រទេស​ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ ៥៦នាក់ស្លាប់។
សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា​ ក្រុម​អ្នក​ប្រយុទ្ធ​រណសិរ្ស​អាល់​នូស្រាដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​អាល់កៃដា​ បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​តាម​ផ្នែក​មួយ​ចំនួន​ក្បែរ​ព្រលាន​យន្តហោះ​ និង​វាយ​សម្រុក​យ៉ាង​សន្ធាប់​រុល​ទៅ​មុខ​ដណ្ដើម​កាន់កាប់​ព្រលាន​យន្តហោះ​យោធា​ អាប៊ូអាល់​ឌូហ៊ូពី​កង​កម្លាំង​រដ្ឋាភិបាល​។ នេះ​ជា​ការ​ប្រយុទ្ធ​មួយ​យ៉ាង​ខ្លាំង​ពី​ក្រុម​ឧទ្ទាម​បះបោរ​ ក្នុង​គោល​ដៅ​ដណ្ដើម​យក​តំបន់​មួយ​​ចំនួន​ពី​កង​កម្លាំង​រដ្ឋាភិបាល​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់ជីវិត​ និង​រង​របួស។ ប្រភព​ព័ត៌មាន​​បន្ត​ថា​ យន្តហោះ​ចម្បាំង​មួយ​ចំនួន​ និង​រថយន្ត​អាវុធ​ធន់​ធ្ងន់​ជា​ច្រើន​ក៏​រង​ការ​ខូច​ខាត​ ដែល​គេ​ជឿ​ថា​មិន​អាច​នឹង​ជួស​ជុល​ប្រើ​ការ​បាន។ ចំណែក​នៅ​ខេត្ត​អីតលីបក៏​កើត​មាន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ ពី​កង​កម្លាំង​ទ័ព​រដ្ឋាភិបាល​បង្ក្រាប​ក្រុម​ឧទ្ទាម​បះបោរ​ជា​យូរ​មក​ហើយ ​ចាប់​តាំង​ពី​ខែ​ឧសភា​ កន្លង​មក​ ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​សម្ងំ​នៅ​ស្ងៀម​មួយ​កន្លែង​ មិន​អាច​កក្រើក​សកម្មភាព​ប្រយុទ្ធ​បះបោរ​បាន​៕
អត្ថបទ៖ វង្ស រិទ្ធី