អ្នកដំណើរ​ ១២​នាក់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ​រវាង​រថយន្តក្រុង​និង​រថយន្ត​ដឹកទំនិញ​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន​

286
អ្នកដំណើរ​ ១២​នាក់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ​រវាង​រថយន្តក្រុង​និង​រថយន្ត​ដឹកទំនិញ​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន​

ចិន៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ស្រា​អង្ក​ដែល​ធ្លាយ​ចេញពី​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នា​ថ្ងៃ​សុក្រ​នេះ និង​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ហើយ​អ្នកដំណើរ​១២​នាក់បាន​បាត់​បង់ជីវិត នៅ​លើ​កំណាត់​ផ្លូវជាតិ​ស្ថិត​ក្នុង​តំបន់​តា​ឈី​ង ក្វាន់​ជូ នៃ​ស្រុក​ស៊ីន​សៀនខេត្ត​ភាគ​កណ្ដាល​ហឺ​ណានប្រទេស​ចិន​។

​រដ្ឋាភិបាល​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុងបាន​ក្រឡាប់​ផ្ងារពោះ​នៅ​លើ​ផ្លូវ​រអិល បង្កឡើង​ដោយសារ​ស្រា​អង្ក ហើយ​ភ្លាមៗ​នោះ​ស្រាប់តែ​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ផ្សេងទៀត ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា បាន​បុក​រថយន្តក្រុង​ពេញទំហឹង​តែម្តង នៅ​វេលា​ម៉ោង​យប់​រំលង​អា​ធ្រា​ត្រ​។​ យោង​តាម​សម្ដី​របស់​ក្រុម​អាជ្ញាធរបាន​ឲ្យ​ដឹង​ថា មនុស្ស​៩​នាក់បាន​បាត់​បង់ជីវិត​នៅ​កន្លែង​កើត​ហេតុ និង​៣​នាក់​ផ្សេងទៀតបាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ក្នុង​នោះ​១៩​នាក់បាន​រង​របួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​គេ​រួសរាន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​កើតហេតុ​ភ្លាមៗ​។​ បច្ចុប្បន្នក្រុម​នគរបាល​ឃាត់ខ្លួន​បាន​តៃកុង​រថយន្ត​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ ខណៈ​ដែល​ការស៊ើបអង្កេត​កំពុង​បន្ត​៕
អត្ថបទ៖ សារ៉ាត់