ក្រុម​ជន​ភៀស​ខ្លួន​ស្រែក​ដង្ហោយ​សុំ​ចំណី​អាហារ​នៅក្នុង​ជំរុំ​ភៀស​ខ្លួន​រ៉ូ​ស​ស្កឹ​ប្រទេស​ហុង​គ្រី​

375
ក្រុម​ជន​ភៀស​ខ្លួន​ស្រែក​ដង្ហោយ​សុំ​ចំណី​អាហារ​នៅក្នុង​ជំរុំ​ភៀស​ខ្លួន​រ៉ូ​ស​ស្កឹ​ប្រទេស​ហុង​គ្រី​

ហុង​គ្រី៖ ក្រុម​នគរបាល​ហុង​គ្រី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពួកគេ​បាន​បើ​ការស៊ើបអង្កេត​ហើយ ក្រោយពី​មាន​វីដេអូ​តាម​អន​ឡាញ បង្ហាញ​រូបភាព​ដែល​ក្រុម​អន្តោប្រវេសន៍ស្រែក​ដង្ហោយ​សុំ​ចំណីអាហារ នៅ​ឯ​ជំរុំ​ភៀសខ្លួន​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​រ៉ូ​ស​ស្កឹប្រទេស​ហុង​គ្រី ខណៈ​ដែល​ក្រុម​នគរបាល​ដែល​មាន​ពាក់​ម៉ាស់​បិទមុខ ព្យាយាម​ចោល​កញ្ចប់​សាន់​វិច​មក​លើ​ពួកគេ ដែល​ទិដ្ឋភាព​បែបនេះមិន​ខុសគ្នា​ពី​ការ​ឲ្យ​ចំណី​សត្វ​នោះ​។​
​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា វីដេអូ​នេះត្រូវ​គេ​ថត​បាន​នៅ​ជំរុំ​ភៀសខ្លួន​មួយ​កន្លែង​ជាប់​នឹង​ព្រំដែន​ប្រទេស​អូទ្រីស ជា​កន្លែង​ដែល​ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់ បាន​ព្យាយាម​ឆ្លងកាត់​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​ជា​រៀងរាល់ថ្ងៃ​។​ វីដេអូ​នេះ​ដែរត្រូវ​បាន​បង្ហោះ​ចូល​ទៅ​កាន់ YouTube របស់​លោក​អា​ឡិច​សាន់​ដឺស្ព្រី​ត​ហ្សេ​ន​ដូ​ហ្វឺ ដែល​ជា​អ្នកនយោបាយ​ម្នាក់​របស់​អូទ្រីស ហើយ​ថត​បាន​ដោយ​ភរិយា​របស់​លោក គឺ​អ្នកស្រី​ម៉ៃ​ឃើ​ឡា ស្ព្រី​ត​ហ្សេ​ន​ដូ​ហ្វឺ​អេ​រ៉េ​ន​ហូ​ស៊ឺ​។​ នៅក្នុង​អ៊ី​ម៉ែ​ល​មួយ​ជា​ការ​ឆ្លើយតប​នឹង​សំនួរ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ក្រុម​នគរបាល​ហុង​គ្រី បាន​និយាយ​ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ដ៏​បន្ទាន់​មួយ ជុំវិញ​ហេតុការណ៍​ដែល​បាន​កើតឡើង​៕
អត្ថបទ៖ សារ៉ាត់