អង្គភាព​ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ​កាយ​បែរ​ក្នុង​តំបន់ហាមឃាត់​

466
អង្គភាព​ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ​កាយ​បែរ​ក្នុង​តំបន់ហាមឃាត់​

​បាត់ដំបង ៖ តំបន់​ពីរ គឺជា​ដី​ក្នុង​តំបន់​ព្រៃរនាម ហើយក៏​ជា​តំបន់ហាមឃាត់​ដែរ​ដោយ​មិន​មាន​​បុគ្គល​ណា​ម្នាក់​ហ៊ាន​ទៅ​ទន្ទ្រាន ឬ​ប៉ះពាល់​ឡើយ​ព្រោះ​វា​ជា​ដី​រដ្ឋ​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង

ប៉ុន្តែ​បែរជា​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន និង​កំពុង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ជា​បែរ និង​បឹង​សម្រាប់​​ស្ទាក់​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​ដោយសារ​តែ​មាន​អង្គភាព​ជំនាញ និង​អាជ្ញាធរ​នៅ​ពី​ក្រោយខ្នង​យ៉ាង​រឹងមាំ​ថែមទៀត​ផង ។​

​បើ​តាម​សេចក្តី​រាយ​ការ​ពី​ប្រភព​មួយចំនួន​បាន​អោយ​ដឹង​ថា មួយ​រយៈ​នេះ​មាន​ក្រុម​ឈ្មួញ​​មួយ​ក្រុម​ដែល​ទំនងជា​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​ខណ្ឌ​រដ្ឋបាល​ជលផល និង​ដោយមាន​​ការ​បើក​ភ្លើង​ខៀវ​ពី​អស់លោក​អាជ្ញាធរ​ម្ចាស់​ទឹក​ម្ចាស់​ដី​ផង​នោះ បាន​ចាប់​ផ្តើម​ដឹក​បញ្ជូន​​គ្រឿងចក្រ​ចូល​ទៅ​កាន់​តំបន់​ពីរ ដែល​ស្ថិត​ក្នុង​ព្រៃរនាម​និង​ជា​តំបន់ហាមឃាត់ ដើម្បី​​ធ្វើ​សកម្មភាព​ឈូស​ឆាយ និង​កាយ​ធ្វើជា​បែរ ជា​ប្រឡាយ និង​ជា​ស្រះ​ដើម្បី​ស្ទាក់​ចាប់​ត្រី​​ពី​តំបន់​ព្រៃ​លិច​ទឹក​នេះ​យ៉ាង​អនាធិបតេយ្យ ។​

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ​រួច​មក​កាល​ពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ លោក​អភិបាលស្រុក​​សង្កែ គឹម វណ្ណៈ បាន​ចេញ​ដំណើរ​ក្នុង​គោល​បំណង​ទៅ​ត្រួតពិនិត្យ​ទីតាំង​នេះ ប៉ុន្តែ​ជា​អកុសល​​លោក​មិនបាន​ទៅដល់​ទីតាំង​នោះ​ឡើយ ដោយសារតែ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុំ​​នាំ​បង្វែងដាន​អោយ​ទៅ​មើល​ការ​កាយ​ដី​បន្តិចបន្តួច​ដែល​នៅ​ជាប់​នឹង​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ទៅវិញ ហើយ​ចំណែក​គ្រឿងចក្រ​ក៏​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​អោយ​ដកថយ​សិន​ដែរ ។​
​នៅក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ បន្ទាប់ពី​លោក​អភិបាលស្រុក​វិលត្រឡប់​មកវិញ​គេ​ក៏បាន​បញ្ជា​​គ្រឿងចក្រ​អោយ​ចូល​ទៅ​ធ្វើ​សកម្មភាព​ដូចដើម ដែល​ប្រឡាយ​ដែល​គេ​កាយ​នោះ​មាន​​ប្រវែង​ជិត​៤០០​ម៉ែត្រ​ទៅ​ហើយ​នៅក្នុង​តំបន់​ព្រៃរនាម​នេះ ។​

​ថ្មីៗ​នេះ​បន្ទាប់ពី​មានការ​សម្ភាសន៍​ទៅ​អាជ្ញាធរ​ឃុំ​ពី​សំណាក់​អ្នក​សារ​ព័ត៌មាន​ក្នុងស្រុក​រួចមក​​ក៏​ស្រាប់តែ​គ្រឿងចក្រ​នោះ​មានការ​ដកថយ​មួយ​ដង្ហើមចង្រិត​ទៀត​ដើម្បី​បំភ័ន្ត​ភ្នែក​​តែប៉ុណ្ណោះ តែ​ធាតុ​ពិត​បទល្មើស​នៅតែ​ជា​បទល្មើស​ដដែល នេះ​ដោយសារតែ​មានការ​ឃុបឃិត​គ្នា​យ៉ាង​ល្អ​ប្រសើរ​ដែរ ពី​សំណាក់​អស់លោក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ​បញ្ហា​នេះ​យើង​បាន​ទំនាក់ទំនង​ទៅ​លោក គឹម វណ្ណៈ អភិបាលស្រុក​សង្កែ​កាលពី​វេលា​​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​១៤ ខែកញ្ញា នេះ​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិនអាច​ភ្ជាប់​បាន​ឡើយ ៕​