
ឥណ្ឌូណេស៊ី៖ ថ្ងៃពុធម្សិលមិញយោធាឥណ្ឌូណេស៊ី បានពន្លឿនប្រតិបត្តិការរបស់ខ្លួន ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ដែលបណ្ដាលឲ្យមានការចុះអ័ព្ទនៅក្នុងប្រទេសជិតខាងសិង្ហបុរី និងម៉ាឡេស៊ី។
កងទ័ពបានធ្វើដំណើរតាមយន្តហោះយោធា មកដល់ស្រុកកាំប៉ានៃខេត្តរីអូ ដែលជាតំបន់រងគ្រោះខ្លាំងបំផុតដោយសារភ្លើងឆេះព្រៃ។ លោកមេបញ្ជាការកងទ័ពនូរ៉េនឌីបាននិយាយ មុនពេលដាក់ពង្រាយកងទ័ពចេញពីអាកាសយានដ្ឋានថា សន្ទុះខ្យល់បក់ធ្វើឲ្យភ្លើងឆេះព្រៃនេះរីករាលកាន់តែឆាប់រហ័ស ដូច្នេះហើយអង្គភាពរបស់លោកត្រូវតែការពារប្រជាជនពីការឆាបឆេះដីស្រែចម្ការរបស់ពួកគេ។ ដោយឡែកមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានដាក់ពង្រាយទាហានរាប់រយនាក់រួចទៅហើយ ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ ហើយថែមទាំងបានបញ្ជូនឧទ្ធម្ភាគចក្រចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនៅតំបន់ដែលរងគ្រោះខ្លាំងបំផុតផងដែរ។ គួរបញ្ជាក់ដែរថាបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រទះបញ្ហាចុះអ័ព្ទរាប់ឆ្នាំមកហើយ ដែលបណ្ដាលមកពីភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា និងកោះកាលីម៉ាន់តាន់របស់ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែរដ្ឋាភិបាលក្នុងស្រុកហាក់មិនអើពើនឹងបញ្ហាមួយនេះម្តងណាទេ៕
អត្ថបទ៖ សារ៉ាត់