ការិយាល័យ​អប់រំ​ស្រុក​ថ្ពង ប្រជុំ​បូកសរុប​ការងារ​អប់រំ និង​លើក​ទិសដៅ​បន្ត​២០១៦

288

កំពង់ស្ពឺ ​៖ ​នៅ​សាលាស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ការិយាល័យ​អប់រំ​ស្រុក​ថ្ពង បាន​រៀបចំ​បូកសរុប​ការងារ​អប់រំ និង​លើក​ទិសដៅ អនុវត្ត​បន្ត​២០១៥-២០១៦​

អញ្ជើញ​ជា​អធិបតី​ពី​សំណាក់ លោក ជឿន សម​ភ​ណ្ឌ​ អភិបាលរង​ស្រុក​ថ្ពង លោក លោកស្រី​តំណាង​មន្ទីរអប់រំ លោក លោកស្រី​ការិយាល័យ​អប់រំ និង​លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាព​ជុំវិញ សាលាស្រុក​ថ្ពង និង​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ កម្រង​ទាំង​៤ សរុប​ទូទាំង​ស្រុក​មាន​៣២​សាលា ក្នុង​នោះ​បឋមសិក្សា​មាន​២៦​សាលា អនុ​វិទ្យា​មាន​៤ និង​វិទ្យាល័យ​មាន​ចំនួន​២​។

​​ក្នុង​កិច្ចប្រជុំ​បូកសរុប បាន​បែងចែក​ក្រុម​ពិភាក្សា គឺ​បង្ហាញ​លើ​ប្រធានបទ​ទាំង​៤

ក​/. តើ​លោក លោកស្រី​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ការគ្រប់គ្រង​បុគ្គលិក​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​?

ខ​/. តើ​លោក លោកស្រី​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ការគ្រប់គ្រង​ថវិកា​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​?

គ​/. តើ​លោក លោកស្រី​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​សិស្ស​ចេះ​អាន​និង​សរសេរ​បាន​ល្អ​?

ឃ​/. តើ​លោក លោកស្រី​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​យុវជន​និង​កុមារ​មាន​ដំណើរ​ការ​ល្អ​?

លោក ជឿន សម​ភណ្ឌ មានប្រសាសន៍​បូកសរុប និង​លើក​ទិសដៅ​សំរាប់ ឆ្នាំ​សិក្សា​២០១៥ ២០១៦ នោះ​ថា​៖ វិស័យ​អប់រំ មាន​តួនាទី​យ៉ាង​សំខាន់ ​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ជាតិ និង​ដើម្បី សម្រេច​ឲ្យ​បាន​នូវ​មហិច្ឆតា របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន​សែន ជា​ប្រមុខ ដើម្បី​ធានា​ឲ្យ​កុមារ យុវជន និង​មនុស្ស​ពេញ​វ័យ​ត្រូវ​ទទួល​បាន​ការសិក្សា និង​ការអប់រំ​ពេញ​មួយ​ជីវិត ដែល​មាន​ភាព​ពាក់ព័ន្ធ និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងស្រុក និង​ក្នុង​តំបន់​ប្រកបដោយ គុណភាព​ខ្ពស់ ហើយ​ការអប់រំ​ត្រូវ​ផ្ដោត​លើ​ការ​កសាង​ជំនាញ និង​ផ្ដល់​ឱកាស​ដល់​សិស្ស​/​និស្សិត​គ្រប់ រូប​ក្នុង​ការ​ទទួល​បាន​ជំនាញ​បច្ចេកទេស និង​ជំនាញ​ឯកទេស​ផ្សេងៗ ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ន៍ ដែល​ផ្ដល់​អត្ថប្រយោជន៍​ពេញលេញ ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​ទីតាំង​ភូមិសាស្ត្រ ទូទាំង​កម្ពុជា ។

​​លោក​បាន​បន្ត​ថា​៖ ដើម្បី​កែ​លម្អ​គុណភាព​វិស័យ​អប់រំ យុវជន និង​កីឡា និង​ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​អង្គប្រជុំ​បាន​លើក​ឡើង​នា​ពេល​នេះ​ ​-​សូម​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​នានា មេត្តា​បន្ត​ចូល​រូ​ម​ការអភិវឌ្ឍន៍ វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​សង្គម​។​-​បន្ត​កែ​លម្អ​បរិស្ថាន​សាលារៀន​-​បន្ត​រៀបចំ​បរិស្ថាន​ថ្នាក់រៀន​-​អនុវត្ត​តាម​យុទ្ធវិធី និង​វិធីសាស្ត្រ ដោយ​ប្រើ សម្ភារ​បង្រៀន និង​រៀន ធ្វើ​ឲ្យ​សម្រេច​បាន​វត្ថុបំណង​នៃ​មេរៀន​។

-​ជំរុញ​សិស្ស​មក​រៀន​ឲ្យ​បាន​ជាប់​លាប់ និង​ទប់ស្កាត់​សិស្ស​បោះបង់​ការសិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព

-​ជំរុញ​ការអនុវត្ត​កម្មវិធី​បំណិន​ជីវិត​នៅ​គ្រប់​សាលារៀន​-​ពង្រឹង​ការងារ​អក្ខរកម្ម និង​មជ្ឈមណ្ឌល សិក្សា សហគមន៍ ឲ្យ​មាន​ប្រសិទ្ធភាព -​បន្ត​ពង្រឹង​ការដឹកនាំ និង​គ្រប់គ្រង​អង្គភាព​កាន់តែ​ប្រសើរ​ឡើង និង ជាពិសេស​យកចិត្តទុកដាក់ លើ​វិធានការ​អាទិភាព​នៃ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ទាំង​១៥​ចំណុច​៕