កូនប្រសា​ចាក់​ឪពុកក្មេក​នឹង​កាំបិត​ត្នោត​របួសធ្ងន់​ច្រើន​កន្លែង

3048

កណ្ដាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កូនប្រសា​ថ្លើមធំ​ចាក់​នឹង​កាំបិត​ត្នោត​បណ្ដាល​ឲ្យ​រង​របួស​ជាច្រើន​កន្លែង​ដោយសារតែ​ផ្ដើម​ចេញពី​ទំនាស់​រឿង​កូន​ប្រសា​រូប​នោះ​ទារ​លុយ​ពី​ប្រពន្ធ​មិនបាន ។

កូនប្រសា

ដោយ​រករឿង​ឈ្លោះ​គាប់​ជួន​ពេលនោះ​បុរស​ជា​ឪពុកក្មេក​មក​ទាន់​ក៏​ទាក់​ពាក្យសម្ដី​គ្នា​រហូត​ឈាន​ដល់​ការ​វាយ​កាប់​ចាក់​គ្នា​បែបនេះ​តែម្ដង​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី​ល្ងាច​កាល​ពី​​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​ជនល្មើស​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ជនរងគ្រោះ​ជា​ឪពុកក្មេក​មានឈ្មោះ​នួន ង៉ូវ​ ភេទ​ប្រុស​អាយុ​៧២​ឆ្នាំ​មុខរបរ​កសិករ​និង​ឡើងត្នោត​ផង​នៅ​ភូមិ​ឃុំ​កើតហេតុ​ជនល្មើស​មានឈ្មោះ​វឿន តុញ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​ជនរងគ្រោះ​រង​របួស​០៤​កន្លែង​ត្រង់​ឆ្អឹងស្លាបប្រចៀវ​០១​កន្លែង ក្រោម​ឆ្អឹង​​ស្លាបប្រចៀវ​ខាងឆ្វេង​០១​កន្លែង​ថ្ពាល់​ខាងស្តាំ​០១​កន្លែង​រយះ​បាតដៃ​ឆ្វេង​១​កន្លែង​និង​ស្មងជើង​ខាងស្តាំ​០១​កន្លែង​។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ជនល្មើស​ជា​កូនប្រសា​បាន​ផឹកស្រា​ស្រវឹង ហើយ​សំឡុត​សួររក​លុយ​ពី​ប្រពន្ធ​របស់​ខ្លួន​តែ​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​ឲ្យ​ទេ​ជាហេតុ​បង្ក​ជា​ទំនាស់​ពាក្យសម្ដី​ជាមួយ​ប្រពន្ធ​គាប់​ជួន​ពេលនោះ​ដោយសារ​ជនរងគ្រោះ​ជា​ឪពុកក្មេក​ត្រឡប់​មកពី​ឡើងត្នោត​វិញ​ឃើញ​កូន​ឈ្លោះ​គ្នា​បែប​នេះ​ក៏​បាន​និយាយ​ស្តី​បន្ទោស​ទៅលើ​កូន​ប្រសា​ម្នាក់​នោះ​ដោយ​និយាយ​ថា​កូន​ឯង​ចង់បាន​លុយ​ប៉ុន្មាន​មក​យក​ពី​ឪពុក​ទៅ ពេលនោះ​ស្រាប់តែ​ជនល្មើស​ខឹង​បាន​ស្ទុះ​មក​ដាល់​ជនរងគ្រោះ​ជា​ឪពុកក្មេក​មួយ​ដៃ​បណ្ដាល​អោយ​ដួល​ច្រឡោតតោតតូង​ទៅ​នឹង​ដី ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​វាយ​តបត​ទៅវិញ​ទើប​ជនល្មើស​ដណ្ដើម​យក​កាំបិត​ត្នោត​ពី​ជនរងគ្រោះ​បាន ហើយ​ចាក់​មក​លើ​ជនរងគ្រោះ​តែម្តង​បណ្ដាល​អោយ​របួសធ្ងន់​ជាច្រើន​កន្លែង​ហើយ​ត្រូវ​បាន​គេ​ដឹក​យក​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ដើម្បី​ជួយសង្គ្រោះ​ហើយ​ជន​ដៃ​ដល់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​​