តុលាការ​កំពូល​បើក​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍​ស្ដីពី​បរិស្ថាន​និង​គោលការណ៍​ផ្នែក​បរិស្ថាន​

426

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ២៣ កញ្ញា ឆ្នាំ​២០១៥​តុលាការ​កំពូល​កម្ពុជា បាន​រៀបចំ​សិក្ខា​សាល​ស្ដីពី ការ​ចែករំលែក​បទ​ពិសោធន៍​ស្ដីពី​បរិស្ថាន និង​គោលការណ៍​ច្បាប់​ផ្នែក​បរិស្ថាន

នៅ​រាជ​បណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ​ជីវ​ កេង អនុប្រធាន​តុលាការ​កំពូល និង​ដោយមាន​ការចូលរួម​ជា​គណៈអធិបតី​​ពី​សំណាក់ ប្រធាន​សាលាឧទ្ធរណ៍ ​អគ្គ​ព្រះ​រាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​កំពូល តំណាង​ក​ហរ​សួង​យុត្តិធម៌​ ​ក្រសួង​មហាផ្ទៃ ក្រសួង​បរិស្ថាន ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ ​និង ថាមពល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ។

​សិក្ខាសាលា​ដែល​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃនេះ ត្រូវ​បាន​សហការ​រៀប​ចំ​ដោយ​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍ​អន្តរជាតិ​Usaid គំរោង​គាំទ្រ​ព្រៃឈើ ជីវចម្រុះ ​ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា ​ព្រះរាជអាជ្ញា​រង ក្រឡាបញ្ជី និង ​មន្ត្រី​រដ្ឋបាល​ដែល​ជា​សមាជិក​ក្រុមការងារ​តុលាការជាតិ ​និង​បណ្ដា​ញ​ក្រុម​ការងារ​តុលាការ​ថ្នាក់​មូលដ្ឋាន​ស្ដីពី​បរិស្ថាន សរុប​ចំនួន ៩៨​រូប ។

​​សិក្ខាសាលា​នេះ​មាន​សារៈ ប្រយោជន៍​យ៉ាង​ធំធេង ដោយ​អនុវត្ត​ស្របតាម​ទស្សនវិស័យ​រួម​នាទី​ក្រុង​ហ្សា​កា​តា ​ឆ្នាំ​២០១១ និង​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៥ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ប្រធាន​តុលាការ​កំពូល និង​តំណាង​ជាន់ខ្ពស់​នៃ​តុលាការ​កំពូល​បណ្ដា​ប្រទេស​អាស៊ាន នៅក្នុង​កិច្ច​ប្រជុំ​តុ​មូល​ប្រធាន​តុលាការ​នៃ​អាស៊ាន​នា​ពេល​កន្លងមក ។​

​ផល​ប្រ​យោ​ជ​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​ថ្មីៗ ចំណេះដឹង ស្ដីពី​បរិស្ថាន មាន​ដូច​ជា ការប្រែប្រួល​អាកាសធាតុ ផល​ប៉ះពាល់​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ការ​កើន​ឡើង​នូវ​កម្ដៅ​ផែនដី ជាដើម ព្រមទាំង​បទពិសោធន៍​ទាក់ទង​និង​គោលការណ៍​សំខាន់ៗ​ជា​មូលដ្ឋាន​នៃ​ច្បាប់​ផ្នែក​បរិស្ថាន ទស្សនទាន​នៃ​បទល្មើស​បរិស្ថាន ដោយ​ផ្អែកលើ​បទពិសោធន៍​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អា​ស៊ី​អាគ្នេយ៍ និង​ការ​វាយ​តំលៃ​ផល​ប៉ះពាល់​បរិស្ថាន​ជាដើម ។​​

​ក្នុង​នៃ​នេះ​សិក្ខាកាម​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទាក់ទង​និង​បរិស្ថាន ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រ​យោ​ជ របស់​ខ្លួន​នៅ​តាម​សាលាជំរះក្ដី​នានា ក្នុង​ទិសដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​រឿងក្ដី​បរិស្ថាន និង បទល្មើស​បរិស្ថាន ក្នុង​ការ​លើក​កំពស់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ប្រកបដោយ​ចីរភាព ៕