ប្រធាន FIFA, Sepp Blatter ចាប់ឆ្នោត​បែងចែក​គូប្រកួត​ពានរង្វាន់ Club World Cup

882

​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ក្លឹប​បាល់ទាត់​ពិភពលោក FIFA Club World Cup 2015 ដែល​នឹង​រៀបចំ​នៅ ប្រទេស​ជប៉ុន ត្រូវបាន​ចាប់ឆ្នោត​បែងចែក​គូប្រកួត​ម្សិល​ម៉ិ​ញ​នេះ​ដោយ​ប្រធាន FIFA ក្នុង​តំណែង Sepp Blatter នៅ​ទីក្រុង Zurich ប្រទេស​ស្វ៊ី​ស​ទីស្នាក់ការ​កណ្តាល របស់ FIFA​។
​​គូប្រកួត​ដំបូង​នៃ​ព្រឹត្តិការណ៍​នេះ​នឹង​ជាការ​ប្រកួត​រវាង​ក្លឹប​បាល់ទាត់​ជើងឯក​មកពី​ទ្វីបអូសេអានី Auckland City FC របស់​ប្រទេស​ញូ​ហ្ស៊ី​ឡេ​ន ដែលជា​ក្រុម​លេខ​បី​ឆ្នាំមុន​ត្រូវ​ជួប​ជាមួយ​ក្រុម​កំពូល​របស់​ក្របខណ្ឌ​ជប៉ុន J-League ថ្ងៃទី 10 ខែធ្នូ​។ ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​នេះ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​ទ្វីបអាហ្វ្រិក CAF Champions League ដែល​មិនទាន់​រកឃើញ​ជើងឯក​នៅឡើយ​។ ដោយឡែក Club America របស់​ម៉ិ​ក​ស៊ិ​ក​ដែលជា ជើងឯក Champions League មកពី​អាមេរិក​កណ្តាល​នឹងត្រូវ​ជួប​ជាមួយ​ជើងឯក AFC Champions League របស់ អាស៊ី​ដែល​មិនទាន់​រកឃើញ​នៅឡើយ ខណៈដែល​ក្រុម​ឈ្នះ​នឹងត្រូវ​ឡើងទៅ​ជួប​ជើងឯក UEFA Champions League, Barcelona នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​សូមបញ្ជាក់ថា Barcelona និង​ជើងឯក​អាមេរិក​ខាងត្បូង River Plate ទាំងពីរ​ក្រុម​នេះ​អង្គុយ​រង់ចាំ​ស្រាប់​នៅ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup 2015 នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Yokohama ប្រទេស​ជប៉ុន​ថ្ងៃទី 20 ខែធ្នូ​។ រំលឹកថា​ជើងឯក Club World Cup ឆ្នាំមុន​គឺ Real Madrid ដែល​ឈ្នះ​ក្លឹប អា​ហ្ស​ង់​ទីន San Lorenzo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ