ក្រុម​ជនភៀសខ្លួន​ប្រឈម​នឹង​អាកាសធាតុ​អាក្រក់​នៅ​តាម​ព្រំដែន​ប្រទេស​អូទ្រីស-​អាល្លឺម៉ង់​

250
ក្រុម​ជនភៀសខ្លួន​ប្រឈម​នឹង​អាកាសធាតុ​អាក្រក់​នៅ​តាម​ព្រំដែន​ប្រទេស​អូទ្រីស-​អាល្លឺម៉ង់​

អូទ្រីស៖ ក្រុម​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​រាប់​រយ​នាក់ កំពុង​ប្រឈម​នឹង​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​នៅ​តាម​តំបន់​ព្រំដែន​អូទ្រីស​-​អាល្លឺម៉ង់ ស្ថិតនៅ​តំបន់​ហ្វ្រេ​ឡា​ស៊ី​ងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ដែល​ពួកគេ​ប្រុង​ព្យាយាម​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​។​
​គួរ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​សប្ដាហ៍​កន្លង​មក​នេះ ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់ បាន​ព្យាយាម​ឆ្លងកាត់​ស្ពាន​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ ដោយ​ដើរ​ចេញពី​តំបន់​សាល់ស៍​ប៊ើ​ក នៅក្នុង​ប្រទេស​អូទ្រីសឆ្ពោះ​ទៅ​កាន់​តំបន់​ហ្វ្រេ​ឡា​ស៊ី​ងនៅក្នុង​ប្រទេស​អាល្លឺម៉ង់​។​ ខណៈនោះ​ដែរគេ​ឃើញ​ក្រុម​អាជ្ញាធរ​ផ្តល់​ជា​សំពត់​តង់​ដើម្បី​ជួយ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ទប់​ទល់នឹង​អាកាសធាតុ​ត្រជាក់​ដ៏​អាក្រក់​នេះ ប៉ុន្តែ​បុរស​ម្នាក់ដែល​ជា​មេធាវី​មកពី​ទីក្រុង​អា​ឡេ​ប៉ូប្រទេស​ស៊ី​រីបាន​និយាយ​ថា មនុស្ស​ច្រើនណាស់​ដែល​រង់ចាំ​នៅ​តំបន់​ព្រំដែន បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ក្មេងៗ​មានការ​ភ័យខ្លាច​ខ្លាំង​ទៀត​ផង​។​ ដោយឡែកអ្នកនាំពាក្យ​ម្នាក់​របស់​នគរបាល​ស​ហ​ព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​តំបន់​ព្រំដែនបាន​និយាយ​ថា ក្រុម​ជនភៀសខ្លួន​ទាំងនេះត្រូវ​បាន​បែក​ចែក​ជា​ក្រុម​តូចៗ ប៉ុន្តែ​បញ្ហា​ដែល​ប្រឈម​ខ្លាំង​បំផុត​សម្រាប់​ពួកគេគឺ​ភ្លៀង​ធ្លាក់ និង​សីតុណ្ហភាព​កាន់តែ​ត្រជាក់​ខ្លាំង​។​ សូម​បញ្ជាក់​ថា អាល្លឺម៉ង់​គឺជា​គោលដៅ​សំខាន់​ជាងគេ​សម្រាប់​ជនភៀសខ្លួន និង​អន្តោប្រវេសន៍ដែល​ចូល​មកដល់​អឺរ៉ុប ហើយ​គេ​រំពឹង​ថា មនុស្ស​យ៉ាងហោចណាស់​៨​សែន​នាក់ទៅ​១​លាន​នាក់ នឹង​មកដល់​ប្រទេស​ពួកគេ ក្នុង​អំឡុង​ឆ្នាំ​២០១៥​នេះ​៕
អត្ថបទ៖ សារ៉ាត់