Lewis Hamilton ឈ្នះ​ការប្រកួត Formula One នៅ​ជប៉ុន

215
Lewis Hamilton ឈ្នះ​ការប្រកួត Formula One នៅ​ជប៉ុន

​​ប្រណាំង​រថយន្ត៖ ​ជើងឯក​ពិភពលោក​ឆ្នាំមុន និងកំពុង​នាំមុខគេ​ឆ្នាំនេះ Lewis Hamilton បាន​យកឈ្នះ​ការប្រកួត Formula One ពិភពលោក​ទីលាន​ទី 14 នៅ​ប្រទេស​ជប៉ុន​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ ពន្លាត​ពិន្ទុ​ក្នុង​តារាង​ជើងឯក​ពិភពលោក​។
​ការប្រកួត​នៅ​ទីលាន Suzuka ទីក្រុង Suzuka ប្រទេស​ជប៉ុន Lewis Hamilton បានធ្វើអោយ​ស្មើនឹង​កំណត់ត្រា ចាស់​របស់​អតិ​ត​តារា Formula One ប្រេ​ស៊ី​ល Ayrton Senna ឈ្នះ 41 ទីលាន​ក្នុង​អាជីព ខណៈ​ដែល​កំពុង​នាំមុខ​ដាច់ មិត្ត​រួម​ក្រុម Mercedes, Nico Rosberg 48 ពិន្ទុ នៅសល់​ប្រាំ​ទីលាន​ទៀត​បញ្ចប់​រដូវ​កាល​។ ​ចាប់ផ្តើម​នៅ​ពីមុន​គេ Lewis Hamilton ដែល​ឈ្នះ​នៅទីនេះ​ឆ្នាំមុន​ដែរ នោះ​នាំ​មុខដាច់​ក្នុងការ​ប្រកួត​និង​មិន​ងាក ក្រោយ​រហូតមក​ដល់ទី​ព្រ័ត្រ​មុនគេ​នៅ​ពីមុខ​មិត្ត​រួម​ក្រុម Nico Rosberg ដែល​មកដល​ទី​លេខ​ពីរ​យឺត​ជាង​ជិត 19 វិនាទី ខណៈ​កីឡាករ​របស់ Ferrari, Sebastian Vettel លេខ​បី​ជាប់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម Ferrari ដែរ Kimi Raikkonen លេខ​បួន​។ ​ជ័យជំនះ​ចុង​សប្តាហ៍​កន្លង​ទៅនេះ បាន​រុញច្រាន់ Lewis Hamilton អោយមាន 277 ពិន្ទុ ដាច់​មិត្ត​រួម​ក្រុម Nico Rosberg ដែលមាន 229 ពិន្ទុ តាម​ពីក្រោយ​ដោយ Sebastian Vettel 218 ពិន្ទុ​។ ​ដោយឡែក​ក្រោយ​ការប្រកួត​នៅ​ប្រទេស​ជប៉ុន ជុំ​ទី 15 នឹងធ្វើ​នៅ​ប្រទេស​រុស្ស៊ី​ទីក្រុង Sochi ថ្ងៃទី 11 ខែក្រោយ​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ