នគរបាល​ចាប់​ក្រុម​បំពុល​ឆ្កែ​ ៣​នាក់ ​ធ្លាយ​រឿង​លួច​ម៉ូតូ​ចំនួន ​២​គ្រឿង

480
នគរបាល​ចាប់​ក្រុម​បំពុល​ឆ្កែ​ ៣​នាក់ ​ធ្លាយ​រឿង​លួច​ម៉ូតូ​ចំនួន ​២​គ្រឿង

សៀមរាប ៖ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ក្រុង​សៀមរាប បានធ្វើការ ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខ​ណះ​ពេលដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​បោះ​សាច់ក្រក តាម​ផ្ទះ​អ្នក​ភូមិ ដើម្បី​ប៉ង​លួច​ទ្រព្យសម្បត្តិ។

ហេតុការណ៍​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៧​ ខែកញ្ញា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្រោយ​ផ្សារលើ ក្នុងភូមិ​តាវៀន ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​អនុសេនីយ៍ឯក នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការ​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​នគរបាល​ក្រុង​សៀមរាប​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា ដោយមាន​ការសហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​កម្លាំង​មូលដ្ឋាន​ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួនធំ ខ​ណៈ​ពេលដែល​ពួកគេ​កំពុងតែ​បោះ​សាច់ក្រក​នៅតាម​មុខផ្ទះ​ពលរដ្ឋ​។

លោក​បន្តថា បន្ទាប់ពី​ចាប់បញ្ជូន​មកដល់​អធិកា​រ​ក្រុង​ហើយ​ធ្វើការ​សួរនាំ​ទៅ​ក៏​ធ្លាយ​រឿង​ជា​អ្នក​លួច​ដ៏​សកម្ម​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។

លោក​បន្ថែមថា ជន​សង្ស័យ​ទី​១​មានឈ្មោះ​ឡ​ម ឡាំ ភេទ ប្រុស អាយុ៤៣​ឆ្នាំ​រស់នៅ​ភូមិ​ថ្មបាំង ឃុំបឹងបេង ស្រុក​ម៉ាឡៃ​ទី​២​ឈ្មោះ​លឿន មាន ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូម​អរញ្ញ សង្កាត់​សៀមរាប​ក្រុង​សៀមរាប​ទី​៣​ឈ្មោះ​យូ​ម​ណា​ម ភេទ ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អរញ្ញ សង្កាត់​សៀមរាប​។

លោក​បន្ថែមទៀត​ថា វត្ថុតាង​ដកហូត​រួមមាន ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លា​ក​លេខ ឧ​ត្ត​រ​មានជ័យ​1B-1638​និង​ម៉ូតូ​១​គ្រឿង​ទៀត​​ម៉ា​ម​CBR​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1J-9739។ លោក​បន្ថែមទៀតថា ម៉ូតូ​ទាំងនេះ​គឺ​ពួកគេ​បានធ្វើ​សកម្មភាព​លួច​មកពី​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

នេះ​គឺជា​មុខសញ្ញា​បំពុល​សត្វ​ឆ្កែ ដើម្បី​ងាយស្រួល​ពួក​គេ​ធ្វើ​សកម្មភាព ប៉ុន្តែ​ឥឡូវនេះ​សមត្ថកិច្ច​ចាប់បាន​ហើយ​នេះ​ក៏​ជា​ស្នាដៃ​មួយ​ដែល​គួរកត់សម្គាល់​ផងដែរ​របស់​សមត្ថកិច្ច​ដែល​បាន​ប្រឹងប្រែង​យ៉ាង​មុតមាំ​។

បច្ចុប្បន្ននេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕