ម្ចាស់​ការដ្ឋាន​វាយ​ថ្មភ្នំ​ទទឹង​សុំ​ដឹក​ថ្ម​តាម​ផ្លូវជាតិ​លេខ​៥៣​តែ​២​ទៅ​៣​ថ្ងៃ​ទេ​តែ​អភិបាលខេត្ត​មិនទាន់​យល់ព្រម​នៅឡើយ ព្រោះថា​ផ្លូវជាតិ​លេខ​៥៣​ជា​ផ្លូវ​ចាស់

536

​កំពង់ឆ្នាំង​ ៖​ ​លោក​អនុប្រធាន​មន្ទីរ​សាធារណៈ​ការ ​និង​ដឹកជញ្ជូន​ខេត្ត​ប្រតិកម្ម​រឿង​រថយន្ត​ដឹក​ដី​លើ​ផ្លូវ​ជាតិ​លេខ​៥៣​ ដែល​ជា​ផ្លូវ​ចាស់​ និង​គ្រប់គ្រង​ថែទាំ​ដោយ​មន្ទីរ​សាធារណៈ​ការ​រួចមក​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។

​លោក​បាន​បញ្ជា​អោយ​ក្រុមការងារ​ចំរុះ​ មាន​មន្ទីរ​សាធារណៈ​ការ​ និង​មន្ទីរ​រ៉ែ និង​ថាមពល ​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ទីតាំង​ការដ្ឋាន​ភ្នំ​ទទឹង​ដោយ​ផ្ទាល់ ថា​តើ​ហេតុអ្វី​បានជា​គេ​បង្វែរ​ការ​ដឹក​ថ្ម​មក​តាមផ្លូវ​ដែល​ហាមឃាត់​ទៅវិញ​?​។​

​​លោក គង់ ឃាង អនុប្រធាន​មន្ទីរ​សាធារណៈ​ការ និង​ដឹកជញ្ជូន​ខេត្ត​ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​បាន​បញ្ជាក់​អោយ​ដឹង​ថា​៖​ការ​បង្វែរ​ការ​ដឹក​ថ្ម មក​ដឹក​តាមផ្លូវ​ផ្លូវជាតិ​លេខ​៥៣ ដែល​ជា​ផ្លូវ​ចាស់​ហាមឃាត់​ដោយ​មន្ទីរ​សាធារណៈ​ការ​នោះ គឺ​ដោយសារ​ផ្លូវ​ដែល​ក្រុម​រថយន្ត​ដឹក​រាល់ដង កំពុងធ្វើការ​ជួសជុល​ដោយ​អគ្គបញ្ជាការ​កង​វិស្វកម្ម ហើយ​ម្ចាស់​ការដ្ឋាន​ភ្នំ​ទទឹង​បាន​សុំ​បង្វែរ​ការ​ដឹក​ថ្ម រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ​ខាងមុខ​ទៀត​ប៉ុណ្ណោះ​ទម្រាំ​កង​វិស្វកម្ម​ជួសជុល​រួច​។​លោក គង់ ឃាង បាន​បន្ត​ថា ​ការ​សុំ​ដឹក​ថ្ម​លើ​ផ្លូវ​ជាតិ​លេខ​៥៣​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ​ទៀត​នោះ លោក​បាន​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត​ដើម្បី​ពិនិត្យ​រួចហើយ​ក្រោយពី​ការ​ចុះ​ពិនិត្យ​។​

​លោក​បាន​បញ្ជាក់​ថា​៖​បើសិនជា​មានការ​ឯកភាព អនុ​ញាតិ​អោយ​ដឹក​ថ្ម​តាមផ្លូវ​ជាតិ​លេខ​៥៣​បណ្ដោះអាសន្ន​តែ​២​ទៅ​៣​ថ្ងៃ​រួច ក្រុមហ៊ុន​នៅតែ​បន្ត​ដឹក​ហួស​សុពលភាព​នៃ​ការ​អនុ​ញាតិ គឺ​មន្ទីរ​សាធារណៈ​ការ និង​ដឹកជញ្ជូន​នឹង​ធ្វើ​ការ​ចាប់​ពិន័យ​ទៅតាម​ផ្លូវច្បាប់ ​ព្រោះ​ផ្លូវជាតិ​លេខ​៥៣​នេះ ជា​ផ្លូវ​ចាស់ មានតែ​គំរោង​ថែទាំ លុប​ជង្ហុក​​សំបុក​មាន់​ និង​ទឹករលក​តែប៉ុណ្ណោះ មិន​មាន​គំរោង​ជួសជុល​នោះ​ឡើយ​។​

​តាម​គោលការណ៍​របស់​ឯកឧត្តម​អភិបាលខេត្ត នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥​ខាងមុខនេះ ឯកឧត្តម​អោយ​ហៅ​ម្ចាស់​ការដ្ឋាន​វាយ​ថ្មភ្នំ​ដែល​កំពុង​ដំណើរការ​ទាំ​ង​អស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ចូល​មក​ប្រជុំ​ជាមួយ​មន្ទីរ​សាធារណៈ​ការ និង​ដឹកជញ្ជូន និង​មន្ទីរ​រ៉ែ និង​ថាមពល ដើម្បី​ធ្វើ​កិច្ចសន្យា ទទួលខុសត្រូវ​នូវ​ផល​ប៉ះពាល់​ទាំងឡាយ​ដូចជា ការ​បើក​អោយ​ហុយ​ដី​ធ្វើ​អោយ​ប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ ការ​បើក​លឿន​ប្រឈម​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ប្រើប្រាស់​ផ្លូវ និង​ការ​ដឹក​ទៅតាម​កំរិត​ទម្ងន់​ដែល​សាមី​មន្ទីរ​អនុ​ញាតិ​៕