ក្រសួងការបរទេស ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន ០៤​នាក់ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ

788
ក្រសួងការបរទេស ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន ០៤​នាក់ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ

 

ភ្នំពេញ ៖ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​រង​គ្រោះ​ចំនួន ០៤​នាក់ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ​តាមរយៈ​មេខ្យល់ ​ ហើយ​ជួប​ការ​លំបាក​ក្នុង​ការងារ ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ជុំ សុន្ទរី​ ​ នា​ថ្ងៃទី​២៨​ខែតុលា ឆ្នាំ​២០១៥​នេះ​។

លោក ​ជុំ សុន្ទរី​ ​ បាន​បន្ដថា ​ ពល​ការិនី​ខ្មែរ​រងគ្រោះទី​១. ​​ឈ្មោះ អ៊ី តូច នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង ​បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់ កាល​ពី​ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ​២០១៤ បានមក​ស្ថានទូត​នៅ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡ​ប់មក​កម្ពុជា​វិញ ។ ពល​ការិនី អ៊ី តូច នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ២៨ ​ខែ តុលា ឆ្នាំ ២០១៥ វេលា​ម៉ោង ១៦:០០ នាទី រសៀល តាម​ជើងយន្តហោះ AK៥៣៤ ។

ពល​ការិនី​ខ្មែរ​រងគ្រោះ ០៣​នាក់​ទៀត ​ដែល​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ វេលា​ម៉ោង ០៧:៥០ នាទី ព្រឹក តាម​ជើងយន្តហោះ AK៥៣៦ ​មាន​ឈ្មោះ ​នៅ ស្រី​នាង ​ អាយុ ២២ ឆ្នាំ នៅ​ភូមិ ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល បានមក​ស្ថានទូត​នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ។ ពល​ការិនី​រូបនេះ ​ត្រូវបាន​បងស្រី​បង្កើត​នាំយកទៅ​ប្រទេស​ម៉ាឡេស៊ី ​កាលពី​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៤ ​ធ្វើការ​នៅ​ហាង បោកគក់​សំលៀកបំពាក់​។ ឈ្មោះ ​ឌី ចាន់​ស្រ៊ូ អាយុ ២០ ឆ្នាំ នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បានមក​ស្ថានទូត​នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥ សុំ​ជួយ​ឲ្យ​បាន វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ មេខ្យល់ កាលពី​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ​២០១៤ ធ្វើការ​តាម​ផ្ទះ​។ ឈ្មោះ ​ សំ ស៊ីណា (​ឈ្មោះ​ពិត សំ ស៊ី​ណែ​ត​) អាយុ ២០ ឆ្នាំ នៅ​ភូមិ​តា​ញ៉ោ​ក ​ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​មក​ស្ថានទូត​នៅ​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ បាន​ទៅ ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់ កាលពី​ឆ្នាំ​២០១២ ធ្វើការ​នៅ​ហាង​លក់​បាយ ។​

កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក ជូន​ដល់​ពល​ការិនី​ទាំង​០៤ នាក់ ៕