ថៃ រិ​ទ្ធិ សង្ឃឹម ៨០%​យកឈ្នះ​កីឡាករ​ស្វី​ស​ក្នុង​ការ​ប្រកួត MMA នៅ​ប្រទេស​ថៃ​

742

ប្រដាល់៖ កីឡាករ​ក្បាច់គុន​ចម្រុះ​កម្ពុជា ថៃ រិទ្ធី បាន​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ការត្រៀម​ចូលរួមប្រកួត​ក្បាច់គុន​ចម្រុះ​ក្នុង​ទ្រុង​នៃ​ព្រឹត្តិការណ៍ FMD នៅ​ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​ស្អែក​នេះ ដោយ​ត្រូវ​ជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មកពី​ប្រទេស​ស្វី​ស។​

នៅ​ថ្ងៃទី​២៩ ខែតុលា​ម្សិលមិញ​លោក ហ៊ុន ច័ន្ទ​រាជ និង​កូនសិស្ស​របស់ខ្លួនគឺ​កីឡាករ ថៃ រិ​ទ្ធិ បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ខាងលើ។ ជាមួយគ្នា​នោះ​លោក ហ៊ុន ច័ន្ទ​រាជ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​កម្ពុជា​បាន​ត្រៀម​កីឡាករ ២​រូប​សម្រាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ ប៉ុន្ដែ​ដោយសារ​មាន​បញ្ហាទើប​សល់​ត្រឹម​ម្នាក់​វិញ។ តែ​ទោះជា​យ៉ាងណា​ក៏​លោក មាន​ជំនឿ​ចិត្ត​លើ​សមត្ថភាព​របស់​កីឡាករ ថៃ រិទ្ធី ដែរ។​ ដោយឡែក​កីឡាករ ថៃ រិ​ទ្ធិ វិញ​បាន​អះអាងថា ខ្លួន​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ​ម្ដង​រួចមកហើយ ដោយ​ប្រកួត​ឈ្នះ​លើ​កីឡាករ​ស្វី​ស ហើយ​ការចូលរួម​ជា​លើក​ទី​២​នេះ ខ្លួន​ក៏ត្រូវ​ជួប​កីឡាករ​ស្វី​ស​ដូច​មុន​ដែរ ដែល​កីឡាករ​រូបនេះគឺជា​សិស្ស​ច្បង់​របស់​កីឡាករ​ស្វី​ស ដែល​ខ្លួប​ធ្លាប់​ប្រកួត​ឈ្នះ​កាលពី​មុ។ ប៉ុន្ដែ ថៃ រិ​ទ្ធិ នៅតែមាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ នៅក្នុង​ការយក​ឈ្នះ ព្រោះ​លោក​បាន​សិក្សា​ពី​ដៃគូ​របស់ខ្លួន​រួចហើយ។​ គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ FMD ខាងលើនេះ គឺជា​កម្មវិធី​ប្រកួត​ក្បាច់គុន​ចម្រុះ​ក្នុង​ទ្រុង​ដ៏​អស្ចារ្យ​មួយ ដែល​រៀបចំ​ដោយ​ជនជាតិ​អាមេរិក ហើយក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា MMA ផងដែរ៕
អត្ថបទ លី ឈុន​ឡា