មនុស្ស​ ៣​នាក់​បាត់បង់​ជីវិត អំឡុង​បាតុកម្ម​ប្រឆាំង​គម្រោង​រ៉ែ​ស្ពាន់​តម្លៃ​ ៧.៤​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ប៉េ​រូ​

1500
មនុស្ស​ ៣​នាក់​បាត់បង់​ជីវិត អំឡុង​បាតុកម្ម​ប្រឆាំង​គម្រោង​រ៉ែ​ស្ពាន់​តម្លៃ​ ៧.៤​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ប៉េ​រូ​

​ប៉េរូ៖ មនុស្ស​៣​នាក់ត្រូវ​បាន​បាញ់សម្លាប់ និង​យ៉ាងហោចណាស់​១៥​នាក់​ផ្សេងទៀតបាន​របួស ក្នុង​នោះ​រួមមាន​ទាំង​មន្ត្រី​នគរបាល​ផង​ដែរ ក្រោយ​សកម្មជន​មួយ​ក្រុម​បាន​នាំគ្នា​ប្រឆាំង​តវ៉ា​នឹង​គម្រោង​រ៉ែ​ស្ពាន់ Las Bambas តម្លៃ​៧.៤​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន MMG Ltd នៅ​តំបន់​ដាច់​ស្រ​យោល​អង់​ឌី​នរបស់​ប្រទេស​ប៉េ​រូ​។​
​ប្រទេស​ប៉េ​រូដែល​ជា​ប្រទេស​ផលិត​ស្ពាន់​ធំ​បំផុត​របស់​ពិភពលោក​នោះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថាទិន្នផល​លោហៈ​នឹង​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប៉ុន្តែ​ភាព​ចម្រូងចម្រាស និង​ជម្លោះ​នៅតែ​បន្ត​កើតឡើង​ប្រឆាំង​នឹង​ការ​ជីក​រ៉ែ​មួយ​នេះ ខណៈ​ដែល​ទីក្រុង​មួយចំនួន​ដែល​នៅ​ក្បែរ​គម្រោង​ខាងលើ មានការ​ភ័យខ្លាច​ចំពោះ​ការ​បំពុល​បរិយាកាស ឬ​ការស្វែងរក​ប្រយោជន៍​ពី​តំបន់​សហគមន៍​រស់នៅ​របស់​ពួកគេ​។​ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ភាព​រំជើបរំជួល​នៅ​ទីក្រុង​ខ្ពង់រាប​ឆាល់​ហួ​ហួ​ឆូ បាន​កើតមានឡើងនៅ​ពេល​ដែល​ក្រុមហ៊ុន MMG កសាង​សំណង់​អណ្ដូង​រ៉ែ​ដ៏​ធំ​មួយដែល​គេ​រំពឹង​ថា នឹង​អាច​ផលិត​ស្ពាន់​បាន​៤​សែន​តោន សម្រាប់​ការ​ផ្គត់ផ្គង់​ទូទាំង​សកលលោក​ជា​រៀងរាល់​ឆ្នាំ​។​ ដោយឡែកក្រុម​អាជ្ញាធរបាន​ឲ្យ​ដឹង ហ្វូង​បាតុករបាន​ទាមទារ​ក្រុមហ៊ុន MMG ពិនិត្យមើល​ឡើងវិញ​នូវ​គម្រោង​បរិស្ថាន​របស់​ខ្លួន និង​ឲ្យ​ជួល​កម្មករ​ក្នុងស្រុក​បន្ថែម​ទៀត​។ ក្រុម​មន្ត្រី នគរបាល​១៥០០​នាក់ និង​មន្ត្រី​យោធា​១៥០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែង​កើត​ហេតុ មុន​ពេល​ដែល​ក្បួន​តវ៉ា ផ្ទុះឡើង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​ ក្រុម​នគរបាលបាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ ហើយ​បាតុករ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​អះអាង​ថា មនុស្ស​ភាគច្រើនបាន​រង​របួស​ដោយ​សា​រ​ត្រូវ​គ្រាប់កាំភ្លើង​៕
អត្ថបទ៖ សារ៉ាត់