អត្ត​ព​លិ​ក​ជិត ៦០០​នាក់​ត្រៀម​ចូលរួម​ប្រណាំង​កង់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៥​ នៅ​ខេត្តកំពត​

258

​ប្រណាំង​កង់៖ កីឡាករ​-​កីឡាការិនី​ជិះ​កង់​ទូទាំង​ប្រទេស​ប្រមាណ​ជិត ៦០០​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ប្រណាំង​កង់​ដៃត្រង់ និង​កង់​គួក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០១៥ ដែល​នឹង​ធ្វើ​ឡើង​ត្រង់​ចំណុច​រង្វង់​មូល​ផ្លែ​ទុរេនក្រុង​កំពតនៅ​ខេត្តកំពត​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ថ្ងៃទី​០៤ ខែតុលា​ខាងមុខនេះ ។​

លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ឲ្យ​ដឹងថា ការប្រណាំង​កង់​ដៃត្រង់​និង​កង់​គួ​ក​ជ្រើសរើស​ជើងឯក​ឆ្នាំនេះ គឺ​ធ្វើ​នៅ​ខេត្តកំពត​ដដែល ប៉ុន្តែ​ចំនួន​អ្នកជិះ​កង់ហា​ក់មាន​ការកើនឡើង​ច្រើនជាង​កាលពី​ឆ្នាំ​២០១៤ ដោយ​ពេលនេះ​ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួមបាន​កើនឡើង​ដល់ ៥៧៨​នាក់​ហើយ ។ ចំពោះ​វិញ្ញាសា​ប្រកួត គឺ​អ្នកជិះ​កង់​គួ​ក ត្រូវ​ជិះ​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ ១២០​គីឡូម៉ែត្រ រីឯ​អ្នកជិះ​កង់​ដៃត្រង់ ត្រូវ​ជិះ​លើ​ចម្ងាយ​ផ្លូវ ៤០​គីឡូម៉ែត្រ ប៉ុន្ដែ​ជិះ​ឆ្លងកាត់​ផ្លូវ​មាន​ឧបសគ្គ​ខ្លះៗ។​ ចំណែក​លោក ទុយ ប៊ុន​ហឿន ប្រធានការិយាល័យ​កីឡា​ទំនើប​នៃ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡាបាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​កម្មវិធី​ប្រកួត​កីឡា​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នា​២០១៥​នេះ ជិត​ចប់​ហើយបើ​រាប់ទាំង​ការប្រកួត​កីឡា​ជិះ​កង់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ គឺ​នៅសល់តែ​កីឡា ៦​ប្រភេទ​ទៀត​ប៉ុណ្ណោះដែល​មិនទាន់​ប្រកួត។​ លោក​បន្ដថា ចំពោះ​កីឡា​ដែល​មិនទាន់​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក តាម​កម្មវិធី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ​រួមមាន​កីឡា​វាយ​សី កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ និង​ប្រដាល់​សាកល កីឡា​ទ្រី​យ៉ា​ត្លុង កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កីឡា​ប្រណាំង​កង់ ដែល​គ្រោង​ធ្វើ​នៅ​ដើមខែ​តុលា​នេះ​តែម្ដង៕
អត្ថបទ លី ឈុន​ឡា