បញ្ជូន​ខ្លួន​​អ្នក​កត់​ឆ្នោត​២​នាក់​នៅ​ផ្សារ​ចំការ​ដូង​ថ្មី​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

300

​ភ្នំពេញ ​៖ ​ស្ត្រី​មេ​ឆ្នោត​២​នាក់​កត់​នៅ​ផ្សារ​ចំការ​ដូង​ថ្មី ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​ដឹក​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ខណ្ឌដង្កោ​។

សមត្ថកិច្ច​ប្រាប់​ថា ​ស្ត្រី​មេ​ឆ្នោត​ទាំង​២​នាក់ ទី​១ ឈ្មោះ ឌឿ​ក រ​ត្ន័ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នក​កត់​កន្ទុយ​លេខ​នៅ​ផ្សារ​ចំការ​ដូង ​រស់នៅ​ភូមិ​ថ្មី​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ទី​២ ឈ្មោះ សម្ផស្ស អាយុ​១៥​ឆ្នាំ មុខរបរ​ជា​អ្នក​កត់​កន្ទុយលេខ ​និង​ស្នាក់នៅ​ជាមួយគ្នា ​ត្រូវ​បាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ដឹកនាំ​ដោយ​អភិបាលរងខណ្ឌ​ចំនួន ២ រូប គឺ​លោក តិ​មា សោភា នឹង​លោក ប្រាជ្ញ សីហា សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ នឹង​អាវុធហត្ថ​ខណ្ឌ ឆ្មក់​ចូល​បង្ក្រាប កាលពី​វេលា​ម៉ោង ១០​នឹង ២០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥   នៅ​ចំណុច​ក្នុង​ផ្សារ​ចំការ​ដូង​ថ្មី ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​រក​ឃើញ​វត្ថុតាង​សម្ភារៈ​សម្រាប់​កត់​ឆ្នោត​ជាច្រើន​ផងដែរ ។

​សមត្ថកិច្ច​ប្រាប់​បន្ត​អោយដឹងថា ​មុនពេល​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ដុះ​ស្លែង​ខាង​លើនេះ គឺ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ ដែល​លក់ដូរ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ចំការ​ដូង​ថ្មី​ថា រាល់​ថ្ងៃនេះ​មាន​ទីតាំង​កត់​កន្ទុយលេខ ២ កន្លែង​កំពុង​បើក​អាជីវកម្ម​លេង​យ៉ាង​ចំហរ ដោយ​មិន​ខ្លាច​ញញើត អាជ្ញាធរ នឹង​សមត្ថកិច្ច​បន្តិច​ណា​ឡើយ ។ ដោយ​មួយ​ថ្ងៃៗ​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ​ផ្សារ​ចំការ​ដូង​ថ្មី​នេះ​ផ្ទាល់​តែម្តង ​សម្រុកចូល​ចាក់​ដូច​ហែរ​កឋិន​អញ្ចឹង  ដោយ​ក្នុង​មួយ​ថ្ងៃៗ អាច​កត់​បាន​លុយ​រាប់លាន​រៀល​ឯណោះ  ហើយ​ក្រោយពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បែបនេះ ភ្លាម​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​បញ្ជា​អោយ​លោក​អភិបាលរងខណ្ឌ​ចំនួន​២​រូប ចុះបង្ក្រាប​ទីតាំង​ខាងលើ​ឲ្យ​ខាន​តែ​បាន  រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​២​នាក់​ខាងលើ រួមទាំង​វត្ថុតាង​សម្ភារៈ​សម្រាប់​កត់​ឆ្នោត​មួយ​ចំនួនធំ នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​។

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​កំពុងតែ​តាមដាន និង​ពិនិត្យមើល តើ​វាសនា​ស្ត្រី​មេ​ឆ្នោត​ទាំង​២​នាក់ អាច​ជាប់ពន្ធនាគារ​ព្រៃ​ស ដែរឬទេ ? ដោយ​ក្នុង​មួយថ្ងៃៗ​ស្ត្រី​ទាំង​២​នាក់ អាច​កត់​កន្ទុយលេខ​បាន​លុយរាប់​លាន​រៀល ។ ដោយឡែក​ស្ត្រី​ម្នាក់ ដែល​រស់នៅ សង្កាត់​ពងទឹក គឺ​គាត់​ជិះ​កត់​ឆ្នោត​មួយ​ថ្ងៃៗ​បាន​លុយ​តែ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បញ្ជូន​ទៅ​តុលាការ​ដាក់គុក​ព្រៃ​ស រហូតមកដល់​ពេលនេះ ចោល​ម្តាយ​ស្ត្រី​មេម៉ាយ​ឈឺ​រាល់ថ្ងៃ​។

​ជាមួយ​នេះ​ផងដែរ​ប្រជាពលរដ្ឋ​សង្ឃឹម​ជឿជាក់ថា ​សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​ស្ថាប័ន​តុលាការ នឹង​អនុវត្តន៍​តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ អ្នក​ប្រព្រឹត្ត​ល្មើស​ទទួល​ទោស ចំណែក​អ្នកធ្វើ​ល្អ​ទទួល​បាន​ផល​ល្អ ​៕