ឃើញ​ជន​បរទេស​អង្គុយ​លេង​លើ​បង់​រត់​ទៅ​ឆក់​ទូរស័ព្ទ​ជាប់​អន្ទាក់​របស់​ប៉េអិម​

410
ឃើញ​ជន​បរទេស​អង្គុយ​លេង​លើ​បង់​រត់​ទៅ​ឆក់​ទូរស័ព្ទ​ជាប់​អន្ទាក់​របស់​ប៉េអិម​

ភ្នំពេញ​៖ ​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ​ឃាត់ខ្លួន​ម៉ោង​០៧:៣០​នាទី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ២០១៥ ចំណុច​សួនច្បារ​មាត់​ទន្លេ​កន្លែង​ហាត់ប្រាណ ​ផ្លូវ​១៤៨​កែង​ស៊ីសុវត្ថិ សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ​។​
លោក លី គឹម​ឡេង មេបញ្ជាការ​រង​អាវុធ​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ ដួង វុទ្ធី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ និង​មុខរបរ​មិន​ពិតប្រាកដ។ ​ត្រូវ​បាន​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ម៉ាក​ IPhone C ពណ៌​ខៀវ បច្ចុប្បន្ន​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ASHER GALLON ជនជាតិ​អូស្ត្រាលី អាយុ​២២​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​ស្នាក់នៅ SAME SAME Guest House ផ្លូវ​១៣០ សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ​។​ លោក​ លី គឹម​ឡេង មេបញ្ជាការ​រង​បាន​បញ្ជាក់​ទៀត​ថា​ ដោយ​អនុវត្តន៍​តាម​បញ្ជា​របស់​លោក​ ថោង ពិសិដ្ឋ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ ​ក្នុង​ការ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ផ្អែក​តាម​គោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បែងចែក​គ្នា​ជា​ក្រុមៗ​ចេញ​ល្បាត​ ពួន​ស្ទាក់​គ្រប់​សកម្មភាព​របស់​ក្រុម​ជន​សង្គម​ងងឹត​ លុះ​ពេល​ជិះ​ល្បាត​មកដល់​ចំណុច​កើត​ហេតុ ​ខណៈ​ជនរងគ្រោះ​អង្គុយ​លេង​លើ​បង់ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​មកដល់​ក៏​ឆក់​យក​ទូរស័ព្ទ​រត់ ប៉ុន្តែ​ត្រូវ​បាន​ជនរងគ្រោះ​ស្រែក ហើយ​កំលាំង​ល្បាត​ក៏​ឃាត់ខ្លួន​បានតែ​ម្តង​។​ លោក​មេបញ្ជាការ​រង​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​កំពុង​កសាង​សំណុំ​ឯកសារ ​បញ្ជូន​បន្ត​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕