ស្លាប់​អ្នក​បើកបរ​ម៉ូតូ​កង់​៣​ម្នាក់ ​ពេល​បុក​រថយន្ត​ ហើយ​ខ្ទាត​ចូល​ក្រោម​កង់​​

535
ស្លាប់​អ្នក​បើកបរ​ម៉ូតូ​កង់​៣​ម្នាក់ ​ពេល​បុក​រថយន្ត​ ហើយ​ខ្ទាត​ចូល​ក្រោម​កង់

បាត់ដំបង ៖ ​អ្នកបើកបរ​ម៉ូតូ​កង់​៣ ​ម្នាក់​ស្លាប់​ នៅ​ពាក់កណ្ដាលផ្លូវ​ បន្ទាប់ពី​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ខណៈ​ដែល​ម៉ូតូ​កង់​៣​នេះ​បាន​ដឹក​គ្នីគ្នា​ចំនួន​១៣​នាក់ ​ត្រឡប់​មកពី​លេង​ អាងទឹក​កំពីងពួយ​ ហើយ​បាន​បុក​ទៅលើ​រថយន្ត​មួយ​គ្រឿង​ដែល​ថយ​ចេញ​ពី​ផ្ទះ​មិន​ប្រយ័ត្ន​។

ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ ល្ងាច ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ ចំណុច​ភូមិ​ប៉ោយ​ស្វាយ​ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

សមត្ថកិច្ច​ចរាចរណ៍ ​បាន​​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​ម៉ូតូ​កង់​៣​មួយ​គ្រឿង (​តុ​តុ​) បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៧០ ចេញពី​អាងទឹក​កំពីងពួយ​ឆ្ពោះ​ទៅ​កាន់​ក្រុង​បាត់ដំបង ដោយមាន​មនុស្ស​ជិះ​នៅ​លើ​នោះ​ចំនួន​១៣​នាក់​ផងដែរ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-1061 បាន​ថយ​ចេញពី​ក្នុង​ផ្ទះ​ឡើង​ទៅ​លើ​ផ្លូវ​ធំ ស្រប​ពេល​ដែល​ម៉ូតូ​កង់​៣​មកដល់​ល្មម​ ក៏បាន​បុក​យ៉ាង​ពេញទំហឹង​ទៅលើ​គូទ​រថយន្ត ហើយក៏​ក្រឡាប់​ផ្ងារជើង និង​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ធ្លាក់​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ធ្វើ​ឲ្យ​ រថយន្ត​នោះ​កិន​បន្ថែម​រង​របួស​ធ្ងន់​​តែម្តង។​
បន្ទាប់ពី​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដើម្បី​បញ្ជូន​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ ប៊ូ ប៊ុនធឿន ​ភេទ​ប្រុស រស់នៅ​ភូមិ​ស្លក្រាម ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​ក៏បាន​ស្លាប់​នៅ​ពាក់កណ្ដាលផ្លូវ។

ភ្លាមៗ​នោះ​ដែរ ​អ្នកបើកបរ​រថយន្ត​ដែល​មាន​ឈ្មោះ ស សុខុម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ គឺ​នៅ​ពេល​នោះ​ដែរ ​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ដោយឡែក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ក៏​ត្រូវ​បាន​នាំ​យក​ទៅ​រក្សាទុក​ នៅ​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ នៅ​ពេល​ណា​ដែល​អ្នកបើកបរ​រថយន្ត​ចូលខ្លួន៕