ទូកប្រណាំង​ក្នុង​ខេត្ត​ទាំងអស់​បាន​និង​កំពុង​ហ្វឹកហាត់​ដើម្បី​ចូល​រួម​ប្រណាំង​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្ដែត​ប្រទីប ​អកអំបុក​ និង​សំពះ​ព្រះ​ខែ​ក្នុង​ឆ្នាំ​នេះ​

1523
ទូកប្រណាំង​ក្នុង​ខេត្ត​ទាំងអស់​បាន​និង​កំពុង​ហ្វឹកហាត់​ដើម្បី​ចូល​រួម​ប្រណាំង​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្ដែត​ប្រទីប ​អកអំបុក​ និង​សំពះ​ព្រះ​ខែ​ក្នុង​ឆ្នាំ​នេះ​

កំពង់ឆ្នាំង ​៖​ ​ឆ្នាំ​នេះ​ក៏​ដូច​ជា​ឆ្នាំមុនៗ​ដែរ​ គណៈកម្មការ​ទូកង​ដែល​ស្ថិត​នៅ​តាម​វត្ត​នីមួយៗ​ក្នុង​ខេត្តកំពង់ឆ្នាំង​ បាន​កីឡាករ​ធ្វើការ​ហ្វឹកហាត់ ​និង​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ទាំង​ការ​ជ្រើសរើស​កំលាំង ​និង​បច្ចេកទេស ​ក៏​​ដូច​ជា​ការ​សែនព្រេន​តាម​ប្រពៃណី ​ដើម្បី​យកជ័យ​ជំនះ​លើ​គូប្រកួត​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក សំពះ​ព្រះ​ខែ​។​

​ ​លោក​ ​សៀក ​គឹម​លាង​ អភិបាលរង​ខេត្តកំពង់ឆ្នាំង ​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​របស់​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយ​ដឹង​ថា​៖​ នៅក្នុង​ឆ្នាំ​២០១៤​ខេត្តកំពង់ឆ្នាំង បាន​ជ្រើសរើស​ទូក​ចែវ​ទូក​អុំ​ចំនួន​២៣​ទូក​ទៅ​ប្រឡងប្រណាំង​ដែល​មាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន​១១២៦​នាក់​ស្រី​១២០​នាក់​​​ក្នុង​នោះ​មាន​ទូក​ចែវ​នារី​១​ទូក​​,​ទូក​ចែវ​បុរស​៩​ទូក,​ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក​,ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក​និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​១១​ទូក​​ទូកប្រណាំង​ទាំងអស់​ខាង​លើ​នេះ​មាន​មក​ពី​ស្រុក​ជល​គី​រី​ចំនួន​៤​ទូក​,​ស្រុក​បរិបូរណ៍​ចំនួន​៣​ទូក​,​ស្រុក​រលាប្អៀរ​៤​ទូក​,​ស្រុក​កំពង់ត្រឡាច​៩​ទូក​,​ស្រុក​កំពង់​លែង​១​ទូក​,​និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​២​ទូក​។​

​​លោក​​បាន​បន្ត​ថា​៖​ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​ខេត្ត ​កំពុង​ពិនិត្យ និង​ជ្រើស​រើស​ទូក​ចែវ​ទូក​អុំ​ណា​ដែល​មាន​សមត្ថភាព ​មាន​ទេពកោសល្យ ​និង​បច្ចេកទេស​ល្អ​ ដើម្បី​យក​ទៅ​ប្រឡង​ប្រណាំង​ក្នុង​ព្រះ​រាជពិធី​អុំទូក បណ្ដែត​ប្រទីប ​អកអំបុក ​និង​សំពះ​ព្រះ​ខែ​​ដូច​នេះ​ហើយ​មក​ដល់​ពេល​នេះ​ យើង​នៅ​មិនទាន់​ដឹង​ថា​មាន​ទូក​ចែវ​ទូក​អុំ​ប៉ុន្មាន​ទេ​ដែល​អាច​យក​ទៅ​ប្រណាំង​នៅ​ភ្នំពេញ​ក្នុងឆ្នាំនេះ​។​

ដោយ​ឡែក​ឯកឧត្តម​ ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ថ្លែង​អោយ​ដឹង​ដែរ​ថា​៖​ឆ្នាំនេះ​ក្រុង​កំពង់ឆ្នាំង​ក៏​មាន​ទូក​ចែវ​បុរស​មួយ​ទូក​ចូលរួម​ប្រណាំង​ផង​ដែរ​ ដែល​ទូក​នោះ​មាន​ចំណុះ​កីឡាករ​៥៦​នាក់ និង​បាន​ដាក់​ឈ្មោះថា​«​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិទ្ធិ​»​​​ទូក​នេះ ​អតីត​គឺជា​ទូក​ចែវ​ដែល​មាន​ឈ្មោះ​«​តេជះ​ព្រះអង្គ​ខ្មៅ​មានជ័យ​បារមី​សារាយ​អណ្ដែត​»​ដែល​ជា​ទូក​ស្ថិត​ក្នុង​វត្ត​ពោធិ​អណ្ដែត ស្រុក​កំពង់​លែង​​​ឆ្នាំនេះ គណៈកម្មការ​វត្ត​ពោធិ​អណ្ដែត​បាន​ប្រគល់​ទូក​នេះ​មក​អោយ​គណៈកម្មការ​វត្ត​ទេ​ធីតា​រាម​វិញ ហើយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ធ្វើ​ការ​ជួសជុល​រួចហើយ និង​កំពុងតែ​ជ្រើសរើស​រក​កីឡាករ​ល្បីៗ​ដែល​មាន​ទេពកោសល្យ ​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​ចែវ​ទូក ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក​ សំពះ​ព្រះ​ខែ​ក្នុងឆ្នាំនេះ​នៅ​ក្រុងភ្នំពេញ​៕

1 2