ស្ត្រី​ម្នាក់​ក្រោយពី​ផឹកស្រា​ស្រវឹង​បាន​ដេញ​កាប់​ប្ដី​និង​កូន​រួច​មក​បាន​ចងក​សម្លាប់​ខ្លួន​ឯង​

426
ស្ត្រី​ម្នាក់​ក្រោយពី​ផឹកស្រា​ស្រវឹង​បាន​ដេញ​កាប់​ប្ដី​និង​កូន​រួច​មក​បាន​ចងក​សម្លាប់​ខ្លួន​ឯង​

កំពង់ឆ្នាំង ​៖ ​ស្ត្រី​ម្នាក់​ដោយសារតែ​ស្រវឹងស្រា​ក្រោយពី​បាន​ដេញ​កាប់​ប្ដី​និង​កូន​រួចមក​ក៏បាន​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួន ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​២៥​នាទី​ទាប​ភ្លឺ​​កាល​ពី​​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥​នៅ​និង​ធ្នឹម​មុខ​ផ្ទះ​របស់​ស្ត្រី​ធ្វើ​អត្តឃាត​ស្ថិតនៅ​ក្នុងភូមិ​អូរ​សណ្ដាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

លោក យឹម សុផល នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ បាន​និយាយ​អោយ​ដឹង​ថា​​ស្ត្រី​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ព្រឿង ​សា​រ៉ែ​ម អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​​នៅ​មុន​ពេល​កើតហេតុ​គឺ​នៅ​ពី​ល្ងាច​ស្ត្រី​រងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​ដេញ​កាប់​ប្ដី និង​កូនៗ​រត់​ពេញ​ភូមិ ​មិន​អោយ​ចូល​ផ្ទះ ​ពេលនោះ​ប្ដី​និង​កូនៗ​ក៏​បាន​រ​ត់​ទៅ​ដេក​នៅផ្ទះ​អ្នកជិតខាង​មិន​ហ៊ាន​ចូល​ផ្ទះ​ឡើយ ​​រហូតដល់​វេលា​ម៉ោង​ប្រមាណ​២​និង​២៥​នាទី​​កាល​ពី​​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៥ ប្ដី​បាន​លួច​ចូល​ទៅ​ផ្ទះ​ដើម្បី​មើល​ប្រពន្ធ ដោយ​គិតថា​ប្រពន្ធ​បាន​ស្វាង​ស្រា​ហើយ​តែ​ពេល​ចូល​ទៅ​ដល់​ផ្ទះ​បានឃើញ​សព​ប្រពន្ធ​ស្លាប់ ដោយ​យក​ក្រមា​ចងក​និង​ធ្នឹម​មុខ​ផ្ទះ​ទៅ​ហើយ​​បន្ទាប់មក​បុរស​ជា​ប្ដី​ក៏បាន​រាយការណ៍​អោយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​។​

​​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​សព​រួចមក​ បាន​អោយ​ដឹង​៖​ស្ត្រី​ខាង​លើ​នេះ​ប្រាកដជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតមែន ​ប៉ុន្តែ​គេ​មិនដឹង​ពី​មូលហេតុ​នៃ​ការ​ចងក​សម្លាប់​ខ្លួន​នេះ​ឡើយ ដែល​សង្ស័យ​ថា​មាន​វិបត្តិ​ផ្លូវចិត្ត​ឬ​សរសៃប្រសាទ​​​សព​ស្ត្រី​ធ្វើ​អត្តឃាត ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕