មេដឹកនាំប៉ា​ឡេ​ស្ទី​ននិយាយ​ថា​ សកម្មភាព​រ​បស់អ៊ី​ស្រា​អ៊ែ​លនឹង​បង្ក​ជា​សង្គ្រាម

402
មេដឹកនាំប៉ា​ឡេ​ស្ទី​ននិយាយ​ថា​ សកម្មភាព​រ​បស់អ៊ី​ស្រា​អ៊ែ​លនឹង​បង្ក​ជា​សង្គ្រាម

ប៉ា​ឡេ​ស្ទី​ន៖ លោកប្រធានាធិបតីប៉ា​ឡេ​ស្ទី​ន ម៉​ហា​ម៉ូដ អាបាស​(Mahmoud Abbas)បាន​និយាយក្នុង​សន្ទរកថា​មួយ​តាម​កញ្ចក់​ទូរទស្សន៍កាលពី​ម្សិលមិញថា ទង្វើ​របស់អ៊ី​ស្រា​អ៊ែ​លបានកំពុងគំរាមកំហែង បង្ក​ជម្លោះសាសនា ដែលនឹង​ដុត​រោលអ្វីៗ​គ្រប់យ៉ាង។

លោក​បាន​បន្ថែម​ថា វា​ប្រៀប​បាននឹង​ការប្រហារពលរដ្ឋ​របស់​ពួក​លោក ក្នុងការ​បង្ហូរឈាមត្រជាក់​យ៉ាង​ដូច្នោះ​ដែរ​។ ក្នុង​សន្ទរកថា លោក អាបាស បាន​ថ្លែង​ទៅកាន់ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ថា ប៉ុន្មានថ្ងៃមកនេះការឈ្លា​នពាន​របស់​អ៊ី​ស្រា​អ៊ែ​ល បាន​ធ្វើ​បាបប្រឆាំងប្រជាជនរបស់​ពួក​លោក និង​ទឹកដីរបស់​ខ្លួនព្រមទាំង​កន្លែងស័ក្ដិសិទ្ធិរបស់​ខ្លួន​ផង​ដែរ​។ អ្វី​ទាំងអស់​នេះ​កំពុងរីក​រាលដាល​កាន់​តែ​ខ្លាំង​ និង​បង្ក​ជា​ការ​រើសអើង​ពូជសាសន៍​យ៉ាង​អាក្រក់​។​កត្តា​នេះ​បានកំពុងគំរាមកំហែង​ដល់សន្តិភាព ​និង​ស្ថេរ​ភាព​ព្រមទាំង​គំរាមកំហែងបង្ក​ជា ជម្លោះសាសនាដែល មិន​ត្រឹមតែដុត​រោលអ្វីៗ​គ្រប់យ៉ាង ក្នុង​តំបន់​ប៉ុណ្ណោះ​ទេគឺនៅក្នុងពិភពលោកទាំងមូល​។​ ដោយឡែក​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​លោកនាយក​រដ្ឋមន្ត្រីអ៊ី​ស្រា​អ៊ែ​ល បេន​ចា​មីន ណេ​តានយ៉ាង​ហ៊ូ បាន​ចោទប្រកាន់​លោក អាបាសថា​ បាន​ញុះញង់​ឲ្យប្រជាជន​របស់ខ្លួន​បង្ក​អំពើ​ហិង្សា។​ ​អំពើ​ហិង្សានេះ​មាន​ជា​ផ្នែក​កើត​ចេញ ពី​កំហឹង​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​នជុំវិញ​អ្វី ដែល​ពួកគេមើលឃើញថា ​ជា​ការ​កើនឡើងការ​រុករានរបស់​ជនជាតិភាគតិច​ជ្វី​ស លើបរិវេណវិហារ​ស័ក្ដិសិទ្ធិអាល់​អាក​សារបស់ទីក្រុង​ហ្សេ​រ៉ុយ​សេ​លឹម ដែល​ត្រូវ​បាន​គោរពដោយជនជាតិ​ជ្វី​សផង​ដែរ៕
អត្ថបទ៖ សុខ​មាន