អត្រា​បញ្ហា​សុខភាព​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​បើ​គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ

3354
អត្រា​បញ្ហា​សុខភាព​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​បើ​គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ

ភ្នំពេញ​ ៖ ​បើ​តាម​មន្ត្រី​ក្រសួងផែនការ​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១៤​និង​៥​នាទី​ថ្ងៃទី​១៦​តុលា​ឆ្នាំ​២០១៥​ថា ​ក្នុង​រយៈពេល​៥​ឆ្នាំ ​គិត​មកដល់​ឆ្នាំ​២០១៤​នេះ​អត្រា​បញ្ហា​សុខភាព​ប្រជារាស្ត្រ​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​លើ​បញ្ហា​មរណភាព​ទារក​និង​កុមារ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ជម្ងឺ​កុមារ​ និង​មេរោគ HIV/AIDS​ ស្ថានភាព​អាហារូបត្ថម្ភ​របស់​មាតា​និង​កុមារ ​ជម្ងឺ​ស្លេកស្លាំង ​និង​ពិការភាព​កុមារ​ជាដើម ។

​​មន្ត្រី​ដដែល​បញ្ជាក់​ថា​នេះ​បើ​តាម​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​ស្ថិតិ​ពិភពលោក​និង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ចុងក្រោយ នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា ។​

ក្នុង​ពិធី​នោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា​លទ្ធផល​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ ដែល​ជា​អង្កេត​លើក​ទី​៤ គឺ​សម្រេច​បាន​លទ្ធផល ប្រកបដោយ​ភាព​ជោគជ័យ​នឹង​ប្រើប្រាស់​ទូលំទូលាយ​ដែល​ជា​មូលដ្ឋាន​សម្រាប់​បម្រើ​ឲ្យ​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ជា​ឧបករណ៍​សម្រាប់​តាមដាន​និង​វាយតម្លៃ​អំពី​វឌ្ឍនភាព នៃ​ការ អនុវត្ត​គោលនយោបាយ ទាក់ទង​នឹង​ការអភិវឌ្ឍន៍​សង្គមកិច្ច​កម្ពុជា ។​

លោក​បាន​បន្ត​ថា របាយការណ៍​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​២០១៤ បាន​បង្ហាញ ទិន្នន័យ​សំខាន់ៗ​អំពី​ប្រជាសាស្ត្រ ផែនការ​គ្រួសារ មរណភាព​ទារក​និង​កុមារ អំពើ​ហិង្សា​ក្នុង​គ្រួសារ ជម្ងឺ​កុមារ និង​មេរោគ HIV/AIDS ស្ថានភាព​អាហារូបត្ថម្ភ​របស់​មាតា​និង​កុមារ ជម្ងឺ​ស្លេកស្លាំង និង​ពិការភាព​កុមារ​ជាដើម​។​

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី​ឆាយ ថន បាន​បន្ត​ទៀត​ថា​ លទ្ធផល​នេះ​គឺជា​គន្លឹះ​មួយចំនួន​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ ដោយ​រក​ឃើញ​ថា អត្រា​មរណភាព​មាតា បាន​ថយ​ចុះ​ពី​ឆ្នាំ​២០០៥ មក​ឆ្នាំ​២០១៤ ក្នុង​នោះ​អត្រា​មរណភាព​មាតា បាន​ថយ​ចុះ​ពី​៤៧២​នាក់​ស្លាប់ ក្នុងចំណោម​ទារក កើត​រស់​១​សែន​នាក់ នៅក្នុង​ឆ្នាំ​២០០៥ មក​នៅ​២០៦​នាក់​ស្លាប់​ក្នុងចំណោម​ទារក​កើត​រស់ ១​សែន​នាក់ នៅក្នុង​ឆ្នាំ​២០១០ និង​១៧០​នាក់​ស្លាប់​ក្នុងចំណោម​ទារក​កើត​រស់​១​សែន​នាក់ នៅក្នុង ឆ្នាំ​២០១៤ ​ចំណែក​អត្រា​មរណភាព​ទារក​អាយុ​ក្រោម​១​ឆ្នាំ បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ដោយ​បាន​ថយ​ចុះ​ពី​៦៦​នាក់​សម្រាប់​រាល់​១​ពាន់​កំណើត​រស់ ឆ្នាំ​២០០៥​មក​៤៥​នាក់ ក្នុង​១​ពាន់ កំណើត​រស់ ឆ្នាំ​២០១០ និង​២៨​នាក់​ក្នុងចំណោម​១​ពាន់​កំណើត​រស់​ឆ្នាំ​២០១៤ ។​

ចំណែក​លទ្ធភាព​បង្កើតកូន​របស់​ស្ត្រី អាយុ​ចន្លោះ​ពី​១៥​ដល់​៤៩​ឆ្នាំ ជា​មធ្យម​បាន​ធ្លាក់ចុះ ពី​៣,៤​កំណើត​ក្នុង​ស្ត្រី​ម្នាក់​នៅក្នុង​ឆ្នាំ​២០០៥ មក​៣,០​កំណើត​ក្នុង​ស្ត្រី​ម្នាក់ នៅក្នុង​ឆ្នាំ​២០១០ និង​២,៧​កំណើត​ក្នុង​ស្ត្រី​ម្នាក់​នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅ​៕​