​ខេត្ត​បាត់ដំបង​ស្វាគមន៍​ការ​តាំង​ពិ​ព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​

340
ខេត្ត​បាត់ដំបង​ស្វាគមន៍​ការ​តាំង​ពិ​ព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ

 

​បាត់ដំបង  ៖ ​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី ១៥ ​ខែតុលា​២០១៥​  បាន ថ្លែងថា​ អាជ្ញាធរខេត្ត​បាត់ដំបង​ស្វាគមន៍​ចំពោះ​សកម្មភាព​នៃ​ការ​តាំង​ពិ​ព័រណ៍​​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ដើម្បី​បង្កើន​នូវ​កិច្ច​សហការគ្នា​សំរួល​ដល់​សកម្មភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រជាពលរដ្ឋ​កម្ពុជា និង ប្រជាពលរដ្ឋ​ថៃ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយគ្នា ។

ឯកឧត្តម​បញ្ជាក់ថា ជាពិសេស​ការយោគយល់​ដល់​សកម្មភាព​នៃ​ការវិនិយោគ ដើម្បី​ផ្តល់នូវ ឱកាស​ធ្វើ​អោយមាន​កំណើនសេដ្ឋកិច្ច​ក្នុងទិសដៅ​លើក​កំពស់​កំរិត​ជីវភាពរ​ស់​នៅ សំរាប់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ កម្ពុជា ថៃ   ក្នុង​ការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​លើ​ការងារ​ធ្វើ​ពាណិជ្ជកម្ម និង ការ ជំរុញ​ដល់​សកម្មភាព​ផលិត​ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​អោយ​ទីផ្សារ និង បំរើ​ដល់​អតិថិជន​របស់ខ្លួន ។

ការលើកឡើង​បែបនេះ​របស់​ឯកឧត្តម ច័ន្ទ សុផល គឺ​ក្នុងខណៈដែល​ចូលរួម​ការតាំង​ពិ​ព័ណ៌ ពាណិជ្ជកម្ម​សម្ព័ន្ធមេត្រី​ភាព​កម្ពុជា​-​ថៃ ដែល​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ផ្សារ​ទំនើប ភូ ពុ​យ ស្ថិតនៅក្នុង សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ​ហើយ​ការតាំង​ពិ​ព័រណ៍​​ ​នេះ​មាន​រយៈពេល ០៧ ថ្ងៃ   ដោយ ចាប់​ផ្តើម​ពីថ្ងៃ​ទី ១៥ ខែតុលា និង រៀបចំឡើង​ដោយ​ក្រុមហ៊ុន​រស្មី​បាត់ដំបង ។

លោក​ឧកញ៉ា ហេង តុលា ប្រធាន​ក្រុមហ៊ុន​រស្មី​បាត់ដំបង បាន​ថ្លែងថា ក្រុមហ៊ុន​បាន​សហការ ជាមួយ​នឹង​អាជីវករ​ថៃ​ក្នុងការ​ដាក់តាំង​ពិ​ព័រណ៍​​ ពាណិជ្ជកម្ម​មាន​ចំនួន ១៣០ ស្តង់ ​ក្នុង​ការ​ដាក់តាំង​លក់ នូវ​សំភារៈប្រើប្រាស់ ​ព្រម​ជាមួយនឹង​គ្រឿងឧបភោគ​ បរិភោគ​សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង និង បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយគ្នា ៕