​​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​បានសម្រេច​ជន​សង្ស័យ​អាច​ជា​អ្នក​ស្គាល់​គ្នា

260
​​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​បានសម្រេច​ជន​សង្ស័យ​អាច​ជា​អ្នក​ស្គាល់​គ្នា

​​ភ្នំពេញ ៖ ប៉ូលិស​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង ករណី​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ​សេ​១២៥ មួយ​គ្រឿង​យក​ទៅ​បាត់ ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ជា​អ្នក​ស្គាល់គ្នា​ទើប​មិន​ទុក្ខ​ជីវិត​ឲ្យ​រស់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ពន្ធ​សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​ប្រុស​-​ស្រី​២​នាក់​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​នេះ​មានឈ្មោះ ​ស៊ន ទិ​ត្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប និង​មាន​ប្រពន្ធ​ឈ្មោះ គីម ​ខន អាយុ​២៨​ឆ្នាំ​ដូចគ្នា មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័​។ រីឯ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក ​ហុងដា​ ឌ្រី​ម ​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-3990 ​​នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​ប្រទះឃើញ​ម៉ា​ឡេ​ត​ដែល​ក្រុម​ជនសង្ស័យ ប្រើប្រាស់​វាយ​ជនរងគ្រោះ​១​ទៀត​ផង​។

​​ប្រភព​ពី​ក្មេង​ឃ្វាលគោ​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូឌុប​១​គ្រឿង​ឌុប​មនុស្ស​ប្រុស​-​ស្រី​២​នាក់​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ មនុស្ស​ប្រុស​ទាំងពីរ​នាក់​ដែល​ជិះ​ខាងក្រោយ​ក៏បាន​ដក ម៉ា​ឡេ​ត​សំពង​ក្បាល​អ្នក​រត់​ម៉ូតូឌុប​ពីក្រោយ​បណ្ដាល​ឱ្យ​ម៉ូតូ​ដួល ហើយ​ជនរងគ្រោះ​ក៏​ព្យាយាម​រត់គេច ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ដេញ​តាម​វាយ​ជាច្រើន​ម៉ា​ឡេ​ត​បន្ថែម​ទៀត​រហូតដល់​ស្លាប់​ហើយ​មនុស្ស​ប្រុស​-​ស្រី​២​នាក់​នោះ​ក៏​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្តង​។

​​បើ​តាម​ប្រភព​ពី​ប្រពន្ធ​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា ​បន្ទាប់ពី​បាយ​ថ្ងៃត្រង់​រួច ប្ដី​របស់​គាត់​ក៏​ចេញ​រត់​ម៉ូតូឌុប​ដូច​រាល់ដង រហូតដល់​ម៉ោង​ប្រហែលជា​៥​ល្ងាច​ថ្ងៃ​ដដែល​មិនឃើញ​ប្ដី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ទូរស័ព្ទ​រក​ប្ដី​ព្រោះ​វា​ខុសប្លែក​ពី​រាល់ដង ​នៅ​ពេល​ខល​​ចូល​ហើយ​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ពន្សាំង​ប្រាប់​ថា ​ប្ដី​របស់​ខ្លួន​ត្រូវ​គេ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​បាត់​ទៅ​ហើយ​។

​​ប៉ូលិស​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង ករណី​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥​មួយ​គ្រឿង​យក​ទៅ​បាត់ ពី​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ជា​អ្នក​ស្គាល់គ្នា​ទើប​មិន​ទុក្ខ​ជីវិត​ឲ្យ​រស់​បែបនេះ បច្ចុប្បន្ន​ករណីនេះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កំពុង ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ដើម្បី​ចាប់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ដោយឡែក ក្រោយ​កើតហេតុ សព​ជនរងគ្រោះ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​៕