
នីហ្សេរីយ៉ា៖ ប្រភពព័ត៌មានពីក្រុមនគរបាល និងក្រុមគ្រូពេទ្យបានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់ ៣៦នាក់ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតជាច្រើនលើកមកលើវិហារ និងអគាររស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅតំបន់ភាគខាងឦសាននៃរដ្ឋប័រណូរបស់ប្រទេសនីហ្សេរីយ៉ា។
គួរឲ្យដឹងថា រដ្ឋប័រណូគឺជាទីដើមកំណើតនៃការបះបោររបស់ក្រុមឧទ្ទាមបូកូ ហារ៉ាំ ហើយតែងតែទទួលរងនូវការវាយប្រហារពីក្រុមមូស្លីមជ្រុលនិយមមួយនេះ ជាញឹកញាប់ដោយបានសម្លាប់មនុស្សជាង១ពាន់នាក់រួចមកហើយ ចាប់តាំងពីលោកប្រធានាធិបតីមូហាម៉ាឌូ ប៊ូហារី ឡើងកាន់អំណាចកាលពីខែឧសភាកន្លងទៅ។ ការបំផ្ទុះគ្រាប់ភ្លោះមកលើវិហារ ស្ថិតនៅតំបន់ជាយក្រុងនៃរដ្ឋធានីម៉ៃឌូហ្គូរី បានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមមន្ត្រីសុខាភិបាល។ ដោយឡែកមនុស្ស៦នាក់ផ្សេងទៀតត្រូវបានសម្លាប់ផងដែរ ដោយសារការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយទៀត កាលពីព្រឹកថ្ងៃសុក្រនៅជិតនឹងកន្លែងចាស់ ប៉ុន្តែមិនមែនជាវិហានោះទេ ខណៈដែលអ្នកបំផ្ទុះគ្រាប់បែកក៏បានស្លាប់ផងដែរ និងបណ្ដាលឲ្យមនុស្ស១៧នាក់ផ្សេងទៀតរងរបួស។ ទោះបីជាយ៉ាងណាក៏ដោយមកទល់នឹងពេលនេះ នៅមិនទាន់មានអ្នកប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងនេះឡើយតែគេបានដឹងច្បាស់ថា វាគឺជាអំពើរបស់ក្រុមចលនាឧទ្ទាមជីហាដ៕
អត្ថបទ៖សារ៉ាត់