​​សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​និវត្ត​មកកាន់​កម្ពុជា​វិញ​ហើយ​

299
​​សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​និវត្ត​មកកាន់​កម្ពុជា​វិញ​ហើយ​

​​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម ដោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​និវត្ត មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​បាន ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន អស់ រយៈពេល ១​សប្ដាហ៍​កន្លងមក ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ២០១៥ និង​បន្តដំណើរ​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​ជា​បន្ត​ទៀត​នោះ​។​

​​ឯកឧត្តម កៅ គឹម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ថា​៖​ជា​លើកដំបូង​ហើយ ដែល​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ទីក្រុង​ម៉ា​កាវ ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច ទេសចរណ៍​ពិភពលោក​នៅ​ម៉ា​កាវ ហើយ​ការ​អញ្ជើញ​ទៅ​ចូលរួម​នេះ គឺ​ក្នុង​ទិសដៅ​ដើម្បី​កៀងគរ អ្នក​វិនិយោគ ទេសចរណ៍ និង​ការជំរុញ​ពាណិជ្ជកម្ម​បន្ថែម​ទៀត និង​ជើងហោះហើរ​ដោយ​ផ្ទាល់​ពី​ម៉ា​កាវ មក​កម្ពុជា សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​អ្នក​ទេសចរណ៍​មក កម្ពុជា​ឱ្យ​បាន​ច្រើន​ថែមទៀត​។

​​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​បាន​ការរៀបចំ​អញ្ជើញ​ជា​កិត្តិយស ក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នោះ ហើយ​សម្ដេច​ក៏បាន​អញ្ជើញ​ជួប​ជាមួយ​ឯកឧត្តម ស៊ីជី​ង ពីង ប្រធានាធិបតី ចិន ,​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នានា ដើម្បី​ពង្រឹង​និង​អនុវត្ត​ទំនាក់ទំនង​ភាពជា​ដៃគូរ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការ​បន្ត​កិច្ចសហការ​ទាំង​ទ្វេភាគី និង​ពហុភាគី និង​ធ្វើ​យ៉ាង​ណា​អនុវត្ត​ឱ្យ​បាន​ជាក់ស្តែង ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ តាមរយៈ​ជំនួប​រវាង​សម្ដេច​តេ​ជោ និង​ឯកឧត្តម ស៊ីជី​ង​ពីង គឺ​បាន​នាំមក​នូវ​ជោគជ័យ​យ៉ាង​ធំធេង ដោយ​បាន​ចុះហត្ថលេខា លើ​កិច្ច ព្រមព្រៀង​ចំនួន​៥ មាន​ដូច​ជា​ពិធីសារ​កិច្ចព្រមព្រៀង​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ,​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​,​កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​និង​កៅស៊ូ ការ​បណ្តុះបណ្តាល​វិនិយោគ​និង​កសិឧស្សាហកម្ម និង​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​១០​ម៉ឺន​តោន ក្នុង​១​ឆ្នាំៗ ចាប់ពី​ឆ្នាំ​២០១៦​តទៅ ជាពិសេស​គឺ​រដ្ឋាភិបាល​ចិន​បានសម្រេច​ផ្តល់​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​ចំនួន​១​ពាន់​លាន​យ័ន ​សម្រាប់​ការអភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​៕