អង្គការសហប្រជាជាតិ ធ្វើការ​ថ្កោលទោស​អំពើហិង្សា​នៅក្នុង​តំបន់​កាន់កាប់​វ៉េ​ស​ប៊ែ​ង និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​

617

ហ្សេ​រុយ​សា​ឡឹម​៖ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ អង្គការសហប្រជាជាតិ បានធ្វើការ​ថ្កោលទោស​ទាំងស្រុង​ចំពោះ​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​កាន់កាប់​វ៉េ​ស​ប៊ែ​ង និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត សម្រាប់​អំពើហិង្សា​កាលពីពេល​ថ្មីៗ​នេះ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​រាប់សិប​នាក់ បាត់បង់​ជីវិត ហើយ​ពួកគេ​បានធ្វើ​ការព្រមាន​ផងដែរ​ថា អំពើហិង្សា​ទាំងនេះ អាច​នឹង​ប្រែ​ក្លាយទៅជា​សង្គ្រាម​សាសនា ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ភាគី​ទាំងពីរ គឺ​ទាំង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​

អំឡុង​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ លោកតា​យ ប្រ៊ូ​ក ហ្សេ​រី​ហ៊ូ​ន ដែលជា​អគ្គលេខាធិការ​ង​ទទួល​បន្ទ​ក​កិច្ចការ​នយោបាយ បាន​និយាយ​រៀបរាប់​ពី​អំពើហិង្សា​កាលពីពេល​ថ្មីៗ​នេះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ដោយ​លោក​កត់សំគាល់​ឃើញថា ជន​អ៊ីស្រាអែល​៧​នាក់ បាត់បង់​ជីវិត ហើយ​ជន​ប៉ា​ឡេ​ស្ទី​ន​៣២​នាក់ ត្រូវបាន​សម្លាប់ ក្នុងនោះ​ពលរដ្ឋ​អ៊ីស្រាអែល​១២៤​នាក់ និង​ជន​ប៉ា​ឡេ​ស្ទី​ន​ជាង​១១១៨​នាក់ បាន​រងរបួស រាប់​ចាប់តាំងពី​ថ្ងៃទី​១ ខែតុលា​មក​។​

លោក​ហ្សេ​រី​ហ៊ូ​ន បាន​និយាយថា ដូច​ដែលមាន​ឧប្បត្តិហេតុ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងច្រើន​រយៈពេល​ជាង​២​សប្តាហ៍​មកនេះ លោក​អគ្គលេខាធិការ បានធ្វើការ​ថ្កោលទោស​ចំៗ មកលើ​សកម្មភាព​ដែល​មិនអាច​ទទួលយកបាន​នៅក្នុង​តំបន់​វ៉េ​ស​ប៊ែ​ង និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹង​ខាងកើត ហើយ​លោក​សូម​ធ្វើការ​អំពាវនាវ​ឲ្យ​ស្វែងរក​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា​ទាំងនេះ ដើម្បី​យកមក​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​។​

ខណៈនោះ​ដែរ គេ​ឃើញ​ភាគី​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បានធ្វើការ​ថ្កោលទោស​គ្នា​ទៅវិញទៅមក​នៅក្នុង​កិច្ចប្រជុំ​ពិសេស​របស់​អង្គការសហប្រជាជាតិ សម្រាប់​ភាព​តានតឹង​ដែល​បាន​កើនឡើង​៕