លោកស្រី​មេធាវី​៧​រូប​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨

2799
លោកស្រី​មេធាវី​៧​រូប​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨

ភ្នំពេញ ៖ ​លោកស្រី​មេធាវី​៧​រូប​ក្នុងចំណោម​២៧​រូប​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨ សម្រាប់​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨ ។
សេចក្តី​សម្រេច​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង រ៉េស៊ីដង់ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

លោកស្រី​មេធាវី​ទាំង​៧​រូប​មានឈ្មោះ ជា សុក​នួន អាយុ​៣៦​ឆ្នាំ ទទួល​បាន​២៧១​សំឡេង​ លោកស្រី​មេធាវី ម៊ី ឧសភា អាយុ​៣៤​ឆ្នាំ ទទួល​បាន​២៥៦​សម្លេង​លោកស្រី​មេធាវី ឈី​វ ភិរម្យ អាយុ​៣៥​ឆ្នាំ ទទួល​បាន​២៤៧​សម្លេង​លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ អាយុ​៣១​ឆ្នាំ ទទួល​បាន​២៣៥​សម្លេង​លោក ស្រី លឹម ច័ន្ទ​លី​ដា ​អាយុ​៣៤​ឆ្នាំ ទទួល​បាន​២១៤​សម្លេង​លោកស្រី​មេធាវី សៅ កញ្ញា អាយុ​៣៤​ឆ្នាំ ទទួល​បាន​២០១​សម្លេង​ និង​ លោកស្រី​មេធាវី ម៉ុ​ន វិមាន​ចំប៉ា អាយុ​៤៣​ឆ្នាំ ទទួល​បាន​១៩៨​សម្លេង ​ក្នុង​នោះ​លោក​មេធាវី សាំង វ​ណ្ណះ អាយុ​៤០​ឆ្នាំ ទទួល​បាន​៣៦៧​សម្លេង​ខ្ពស់​ជាងគេ ។​

ចូលរួម​ជា​គណៈអធិបតី​នា​ឱកាស​នោះ មាន​វត្តមាន​លោក ហ៊ី សោភា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក ទិ​ត្យ សុ​ទ្ធី អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ តំណាង​លោក អ៊ុក ​សាវុធ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ និង មេធាវី​ប្រមាណ​ជិត​៥០០​នាក់ ។​

លោក លោកស្រី មេធាវី​ចំនួន​១០៣​រូប​បាន​ឈរឈ្មោះ​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ខណៈ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ត្រូវ​ជ្រើសរើស​ត្រឹម​២៧​រូប ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំនួន​ឈរឈ្មោះ​បាន​ថយ​ចុះ​មក​ត្រឹម​១០១​រូប​វិញ ដោយសារ​មេធាវី​មួយ​រូប​បាន ទទួលមរណភាព​និង​មួយ​រូប​ទៀត​បាន​លះបង់​ការ​ឈរឈ្មោះ​នេះ ។​

លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​មហាសន្និបាត ថា គណៈមេធាវី​បាន​កំណត់​យក​ទិសដៅ​អនុវត្ត​របស់​ខ្លួន ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព និង សីលធម៌​វិជ្ជាជីវៈ​របស់​មេធាវី ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​មេធាវី​ប្រកបដោយ​គុណភាព និង រក្សា​បាន​នូវ​សេចក្តី​ថ្លៃ​ថ្នូរ​នៃ​វិជ្ជាជីវៈ​គណៈមេធាវី​នឹង​បន្ត​អនុវត្ត​សកម្មភាព​ទាំងនេះ​ដដែល រួម​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈមេធាវី​សម្រាប់ រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ ២០២០ ដែល​ក្រុមប្រឹក្សា​គណៈមេធាវី​បាន​អនុម័ត​កាលពី​ថ្ងៃទី ៧​ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ ដើម្បី​បន្ត​ពង្រឹងសមត្ថភាព និង សីលធម៌​វិជ្ជាជីវៈ​មេធាវី​ឲ្យ​កាន់ តែ​ប្រសើរ​ថែមទៀត​រយៈពេល​២០​ឆ្នាំ កន្លង​ផុត ទៅ ចំនួន​មេធាវី​បាន​កើនឡើង​ពី​៣០​រូប រហូតដល់​១០៧៦​រូប ដែល​នេះ​បាន​បង្ហាញថា វិជ្ជាជីវៈ មេធាវី​មាន​ការ​វិវត្ត​ទៅ​មុខជា​លំដាប់ ។​

ពាក់ព័ន្ធ​តួនាទី​របស់​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ត្រូវ​បាន​លោក ប៊ុន ហុន ថ្លែង​ថា ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​ឲ្យ​បាន​ល្អ​ប្រសើរ ទាំង​គុណភាព និង សេចក្តី​ថ្លៃថ្នូរ​វិជ្ជាជីវៈ ដែល​ប្រធាន​គណៈមេធាវី គឺជា​អ្នកដឹកនាំ និង ការអនុវត្ត​ចំពោះ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី ។​

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មេធាវី​ពេញ​សិទ្ធិ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មាន​ចំនួន​៨៥៦​នាក់ ដោយ​ពុំ​រាប់​បញ្ចូល​មេធាវី​ដែល​សុំ​មិន​ប្រកប​វិជ្ជាជីវៈ និង មេធាវី​ដែល​ត្រូវ​បាន​លុបឈ្មោះ ឡើយ ៕