គយ​ច្រក​ទ្វារ​ជ្រៃ​ធំ​បង្ក្រាប​សត្វព្រៃ​ ដែល​ឈ្មួញ​បំរុង​ដឹក​ឆ្លងដែន​បាន​ចំនួន ​១៥៦ ​គីឡូក្រាម​

397

​​កណ្ដាល​៖ មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​ជ្រៃ​ធំ​ ដឹកនាំ​ដោយ​លោក មួង ដា​រ៉ា ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ជ្រៃ​ធំ បាន​ធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ រឹបអូស​បាន​សត្វព្រៃ​ប្រភេទ​ពស់ថ្លាន់ ពស់ សាំង​សឿ និង​អណ្ដើក​ចំនួន ​១៥៦​ គីឡូក្រាម ដែល​ឈ្មួញ​ដឹក​បន្លំ​តាម​ម៉ូតូ​បម្រុង​ឆ្លងដែន​យក​ទៅលក់​នៅ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ​លេខ​២១​បេ ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

លោក មួង ដា​រ៉ា បាន​ឲ្យ​ដឹង​ថា សត្វព្រៃ​ដែល​កម្លាំង​របស់​លោក​ប​ង្ក្រា​ប​បាន​នោះ មាន​ទម្ងន់​សរុប​១៥៦​គីឡូក្រាម ក្នុង​នោះ ​ប្រភេទ​សត្វ​ពស់ថ្លាន់ ចំនួន​១១១​គីឡូក្រាម ពស់​សាំងសឿ​ចំនួន​១៥​គីឡូក្រាម និង​សត្វ​អណ្ដើក​ចំនួន​៣០​គីឡូក្រាម ដែល​បង្ក្រាប​បាន​ពី​ឈ្មួញ​ដឹក​បង្កប់​តាម​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​មូល​ពណ៌ សំបក​ឪឡឹក គ្មាន​ស្លាក​លេខ អ្នកបើកបរ​ម៉ូតូ​ពុំ ​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​។

បន្ទាប់ពី​ត្រួតពិនិត្យ​រួច​នោះ សត្វព្រៃ​ទាំងអស់​ ត្រូវ​បាន​លោក​ឲ្យ​កម្លាំង​ក្រោម​ឱវាទ ​របស់​លោក​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​រួម​ទាំង​វត្ថុ​តាង​ផង​ដែរ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ទៅ​អង្គការ​ថែរក្សា​សត្វព្រៃ​(WILDLIFE ALLIANCE)​ យក​ទៅ​ថែរក្សា​កុំ​ឲ្យ​សត្វ​ទាំងនោះ​ផុត​ពូជ​។​

លោក​បាន​បន្ថែម​ថា ទោះបីជា​កម្លាំង​សមត្ថកិច្ច​ របស់​លោក​ខិតខំ​ទប់ស្កាត់​យ៉ាងណាក៏ដោយ ក៏​ក្រុម​ឈ្មួញ​ខិលខូច​មួយចំនួន​នៅតែ​បន្ត​លួច​ឆ្មក់​ធ្វើ​សកម្មភាព​ដោយ​ប្រើ​រូបភាព​ផ្សេងៗ​គ្នា​បង្វែរ​ពី​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​នៅតែ​មិនអាច​គេច​ផុត​ភ្នែក​សមត្ថកិច្ច​ឡើយ ហើយ​កន្លងមក​កម្លាំង​ជំនាញ​របស់​លោក តែងតែ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បានជា​បន្តបន្ទាប់ និង​បាន​ប្រគល់​ទៅ​អង្គការ​ថែរក្សា​សត្វព្រៃ​ផង​ដែរ៕​