នាយ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌដង្កោ បំភ្លៃ​រឿង​ប៉ុនប៉ង​ប្លន់ ទៅជា​ហិង្សា​ដោយ​ចេតនា​

394

ភ្នំពេញ ៖ ករណី​ប៉ុនប៉ង​ប្លន់​ម៉ូតូ​នៅ​ចំណុច​ស្ពាន​៧​មករា ក្បែរ​ប៉ុស្តិ៍​នគរបាល​ក្រាំង​ពង្រ ក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បំភ្លៃ​ទៅជា​ករណី​ហិង្សា​ដោយ​ចេតនា​វាយ​ដោយ ដៃ​ទៅវិញ ក្នុងពេលដែល​ពុំទាន់​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​សព្វគ្រប់​ឡើយ​ពោល គឺ​សំអាង​លើ តែ​ចម្លើយ​របស់​ជន​ល្មើ​ស​ប៉ុណ្ណោះ បើ​ទោះជា​ក្នុង​ហេតុការណ៍​នេះ​មាន​ក្មេងស្រី​អាយុ ០​៦ ​ឆ្នាំ ​ម្នាក់ ជា​ជនរងគ្រោះ ក៏​ដោយ​ចុះ​។

​​​ក្នុង​របាយការណ៍​មួយ​ដែល​ពុំ​ចុះ​កាលបរិច្ឆេទ​មាន​ចុះហត្ថលេខា​និង​ត្រា ឈ្មោះ អនុសេនីយ៍ទោ ហួរ ម៉េង​វ៉ាង នាយផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើនេះ នគរបាល​ប៉ុស្តិ៍ ក្រាំង​ពង្រ​ចុះមក​សាកសួរ​ជនរងគ្រោះ​ឈ្មោះ រិ​ទ្ធ រស្មី​មនោ​រម្យ និង ឈ្មោះ ភ្លា ស្រី​ម៉ៅ មុខរបរ​លក់ដូរ​ជា​សាក្សី រួច​សន្និដ្ឋាន​គឺជា​ករណី​ជម្លោះ​និង​ហិង្សា​វាយ​គ្នា​ដោយ​ដៃ។ បន្ទាប់មក នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​បាន​បញ្ជូន​សំណុំរឿង​ខាងលើ នេះ មក​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​បន្ត ដោយ​ភ្ជាប់​គំនូស​ប្លង់​កន្លែង កើតហេតុ និង ស្រាវជ្រាវ​សំបុត្រ​បញ្ជាក់​កំណើត ជនរងគ្រោះ​ឈ្មោះ រិ​ទ្ធ រស្មី​មនោ​រម្យ អាយុ​១៥​ឆ្នាំ និង ឈ្មោះ រិ​ទ្ធ ឆាយា​លាភ ភេទ​ស្រី អាយុ​៦​ឆ្នាំ។​

​​​របាយការណ៍​ដដែល​បាន​បន្ត​ថា សមត្ថកិច្ច​បាន​ធ្វើ​លិខិត​អញ្ជើញ​ភាគី​ដើម​បណ្តឹង និង ឈ្មោះ ដាំ ដា​រ៉ាស៊ី មក​ធ្វើការ​បំភ្លឺ ដោយ​ទទួលស្គាល់ថា ខ្លួន ( ដាំ ដា​រ៉ាស៊ី ) និង បក្ខពួក​ម្នាក់ ទៀត​ឈ្មោះ ថ្លឹង មាន​ទីលំនៅ​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ បាន​វាយ​ទៅលើ​ឈ្មោះ រិ​ទ្ធ រស្មី​មនោ​រម្យ ដោយ​ដៃ​អំពី​រឿង​ជម្លោះ​មើលមុខ​គ្នា។

​​​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ក្នុង​របាយការណ៍​នេះ ពុំទាន់​ចុះ​កាលបរិច្ឆេទ​និង​ក្នុង​ខ្លឹមសារ របាយការណ៍ បញ្ជាក់​ថា កើតហេតុ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ទៅវិញ ដែល​បញ្ហា​នេះ ត្រូវបាន​អាណាព្យាបាល​ជនរងគ្រោះ​ចាត់ទុកថា ជា​របាយការណ៍​ខ្ជីខ្ជា​មិន​សក្តិ​សមជា មន្ត្រីនគរបាល​យុត្តិធម៌​នោះទេ ព្រោះ​កាលបរិច្ឆេទ​នៅពេល​កើតហេតុ គឺជា​អង្គហេតុ​សំខាន់បំផុត នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដែលជា​មូលដ្ឋាន​ដើម្បី​ឲ្យ​តុលាការ​វិនិច្ឆ័យ​សេចក្តី​រក​យុត្តិធម៌ ជូន​គូភាគី ។

​​ទាន់​ទិន​នឹង​បញ្ហា​នេះ អាណាព្យាបាល​ជនរងគ្រោះ ក៏បាន​បញ្ជាក់​ទៀតថា តាម​ដំណើររឿង​ពិត​នៃ​ករណី​ខាង​លើនេះ គឺ​ពុំ​មាន​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ណា​ម្នាក់​ចុះ​មក​សួរ​ជន​រង គ្រោះ​ដល់​កន្លែង​កើតហេតុ​ទេ ហើយ​នៅពេល​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នគរបាល​ក្រាំង​ពង្រ ហាក់​ធ្វើ​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​បន្តិច​ឡើយ ហើយ​ថែមទាំង​បង្ក​ការ​លំបាក​ដល់ ជនរងគ្រោះ​ទៀត​ផង ពោល គឺ​ពេល​ទទួល​ពាក្យ​បណ្តឹង ហើយ​មន្ត្រី​នគរបាល​ឲ្យ​ចាំ​សិន ព្រោះ​រវល់​ទៅ​យក​ប្រពន្ធ​ចេញពី​ធ្វើការ ទើប​ត្រឡប់មកវិញ​ធ្វើ​កំណត់ហេតុ ពន្យារ​ពេល​រហូតដល់​ម៉ោងជាង​៨​យប់ ទើប​ចប់។

​​​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ អាណាព្យាបាល​បាន​នាំ​ក្មេង​រងគ្រោះ​ទៅ ម្តងទៀត​ដើម្បី​ឲ្យ​នគរបាល​ធ្វើ​កំណត់ហេតុ ។ ប៉ុន្តែ​ពេលនោះ​ឈ្មោះ ទន់ ហឿន នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ ទទួល​ការងារ​ព្រហ្មទណ្ឌ​បែរជា​គំរាម​ឲ្យ​ជនរងគ្រោះ​សម្របសម្រួល​ជាមួយ ជនល្មើស​ទៅវិញ ទោះបីជា​ពេលនោះ​នគរបាល​ពុំបាន​ហៅ​ភាគី​ជនល្មើស​មក​សាកសួរ​ក្តី។

ដោយសារតែ​ជនរងគ្រោះ​មិន​ព្រម​ធ្វើ​ការ​សម្រប​សម្រួល ធ្វើ​ឲ្យ​ឈ្មោះ ទន់ ហឿន ខឹងច្រឡោត​យ៉ាងខ្លាំង រហូត​យក​ទូរស័ព្ទ​ជនរងគ្រោះ​បោះចោល​លើ​តុ​ថែម​ទៀតផង ធ្វើ​ឲ្យ​ជន​រង គ្រោះ​ពុំមាន​ជំនឿ​លើ​នគរបាល​ក្នុងការ​ចាត់ការ​លើ​ពាក្យបណ្តឹង នេះ​ឲ្យ​មាន​ភាពយុត្តិធម៌ និង តម្លាភាព ។

ក្រោយមក​រឿងនេះ​បាន​បែកធ្លាយ​ដល់​តំណាង​អយ្យការ​អម សាលាដំបូង​រាជធានី ភ្នំពេញ ទើប​នគរបាល​ក្រាំង​ពង្រ​បាន​បញ្ជូន​ពាក្យបណ្តឹង​នេះ មក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ ដង្កោ​ដើម្បី​ចាត់ការ​បន្ត ។

ប៉ុន្តែ​ក៏​គ្មាន​ចំណាត់ការ​អ្វី​ធ្វើ​ឲ្យ​ភាគី​ជនរងគ្រោះ​មានការ​កក់ក្តៅ​ដែរ ព្រោះ​នគរបាល​ខណ្ឌដង្កោ​បាន​រាយការណ៍​បំភ័ន្ត​ទៅ​តំណាង​អយ្យការ ថា ភាគី​ទាំងពីរ​បាន​សម្របសម្រួល​បញ្ចប់រឿង​ហើយ តែ​ធាតុពិត​ភាគី​ជនរងគ្រោះ​ពុំបាន​ធ្វើការ​សម្របសម្រួល​បញ្ចប់រឿង​ជាមួយ​ភាគី​ជនល្មើស​ឡើយ ជាក់ស្តែង​ឥឡូវនេះ​លោក​អនុសេនីយ៍ទោ ហួរ ម៉េង​វ៉ាង នាយផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌដង្កោ បានចេញ​របាយការណ៍​បំភ្លៃ​ការពិត​ប្រាកដ មែន ពោលគឺ​ហ៊ាន​សន្និដ្ឋានថា ជា​ករណី​ហិង្សា​ដោយ​ចេតនា​វាយ​ដោយ​ដៃ​កើតចេញពី ជម្លោះ មើលមុខ​គ្នា តែ​តាមពិត​លោក ហួរ ម៉េង​វ៉ាង ពុំបាន​ពិចារណា​ពី​អង្គហេតុ​ច្បាស់លាស់​ទេ ព្រោះ​ពេលនោះ​ឈ្មោះ រិ​ទ្ធ រស្មី​មនោ​រម្យ បាន​ឌុប​ប្អូនស្រី ឈ្មោះ រិ​ទ្ធ ឆាយា​លាភ អាយុ​៦​ឆ្នាំ តើ​មានលទ្ធភាព​ឯណា​ទៅ​បង្កជម្លោះ ឬ តដៃ ជាមួយ​ក្រុម​មនុស្ស​ ០៦ ​នាក់​នោះ ហើយ​បើសិនជា ជនរងគ្រោះ​នេះ ជា​សាច់ញាតិ​របស់​លោក ហួរ ម៉េង​វ៉ាង វិញ តើ​លោក​គិត​យ៉ាងណា ? នៅ​ពេល​ដែល​ក្មេងស្រី​អាយុ​៦​ឆ្នាំ ត្រូវ​មនុស្ស​ពេញកម្លាំង​វាយ​ហើម​ថ្ងាស​ស្រែកយំ​ឡើង​គាំង​ស្ទើរ​បាត់ សម្លេង​នោះ​៕