​អភិបាលខេត្ត​ក្រចេះ​អំពាវនាវ​ឲ្យ​មក​ពិនិត្យ​ព្យាបាល​ជម្ងឺ​ភ្នែក​ឲ្យ​បាន​គ្រប់ៗ​គ្នា​

712
​អភិបាលខេត្ត​ក្រចេះ​អំពាវនាវ​ឲ្យ​មក​ពិនិត្យ​ព្យាបាល​ជម្ងឺ​ភ្នែក​ឲ្យ​បាន​គ្រប់ៗ​គ្នា

​ក្រចេះ ៖ ​អភិបាលខេត្ត​ក្រចេះ ឯកឧត្តម សរ ចំរុង កាលពី​ថ្ងៃទី ១៩ ខែតុលា​ ២០១៥ ​បាន​អំពាវនាវ​ដល់ ប្រជាជន​ទូទាំង​ខេត្ត មក​ពិនិត្យ​ព្យាបាល​ភ្នែក​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដោយ​ថ្លែងថា​ នេះ​ជា​ឱកាស​ដ៏​កម្រ ហើយ​កុំ​ឲ្យ​កន្លង​ផុតទៅ​ឲ្យ​សោះ ។

ការអំពាវនាវ​បែបនេះ​របស់​ឯកឧត្តម សរ ចំរុង​ គឺ​បានលើក​ឡើង​ខណៈដែល​ឯកឧត្តម​បាន​ចុះ ពិនិត្យ​ការព្យាបាល​ និង វះកាត់​ជំងឺ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ពី​សំណាក់ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មូលនិធិ CAMBODIA VISION ប្រទេស​អូស្ដ្រាលី   ​   ហើយ​ការផ្តល់សេវា​ពិនិត្យ​  ព្យាបាល​នេះ មាន​រយៈពេល ០៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​១៩ ដល់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៥ នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត ។

ឯកឧត្តម​មានប្រសាសន៍​ថា  នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​ប្រទេស អូស្ដ្រាលី​ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចេក ម៉េង​លី មាន​សមាជិក​ចំនួន ៦១ នាក់ មក​ទីនេះ ដើម្បី ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ។

ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន​ថ្លែង​កោតសរសើរ​នូវ​ទឹកចិត្ត​ប្រកបដោយ​មនុស្សធម៌ និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​ប្រទេស​អូស្ដ្រាលី​ ហើយ​ឯកឧត្តម សង្ឃឹមថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងនេះ នឹង​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាជន​នៅ​ឆ្នាំក្រោយៗ បន្តទៀត ៕ ​