ក្រុម​អ្នកគាំទ្រ​ក្លិប Chelsea រង​ការវាយប្រហារ​នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន​

673
ក្រុម​អ្នកគាំទ្រ​ក្លិប Chelsea រង​ការវាយប្រហារ​នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន​

បាល់ទាត់៖ ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​តោ​ខៀវ Chelsea បាន​ក្លាយជា​គោលដៅ​របស់​ក្រុម​ឧក្រិដ្ឋជន នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន ពោល​គឺ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ដែល​ក្រុម​របស់​ពួកគេ ជួប​ជាមួយ​ក្រុម Dynamo Kiev នៅ​ការប្រកួត Champions League​។​
​ក្រុម​អ្នកគាំទ្រ​ដែល​មាន​គ្នា​ប្រហែល​៣០​នាក់ ត្រូវ​បាន​ពួនស្ទាក់​វាយ​ធ្វើ​បាប​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​មួយ​នេះ ក្រោយ​ពេល​ដែល​ពួកគេ​ចាក​ចេញពី​រង្គសាល Shato Brewery នៅមុខ​ទីលាន​កម្សាន្ត Independence Square ។​
​ក្រុម​អ្នកគាំទ្រ​មួយចំនួន មាន​ស្នាម​ជាំ និង​ខ្លះទៀត​បែក​ឈាម​ដាប​ខ្លួន ក្នុង​នោះ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ បន្ទាប់ពី​ការវាយប្រហារ​មួយ​នេះ កាលពី​ពាក់​កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ចន្ទ។​
​ក្រុម​ជន​អន្ធពាល​ដែល​បាន​វាយប្រហារ​មក​លើ​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Chelsea​ ​នេះ​ដែរ រួមមាន​ទាំង​ហ្វូង​ស្ត្រី និង​មនុស្ស​ចាស់​ផង​ដែរ ដោយ​បាន​វាយ​ពួកគេ​ឲ្យ​ដួល រួច​ទាត់​ធាក់​តាម​អំពើ​ចិត្ត​។​
​អ្នកគាំទ្រ​ក្រុម Chelsea​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ពេល​លោក​ចូល​ទៅ​ក្នុង​រង្គសាល​ផឹកស៊ី ស្រាប់​តែ​មាន​មនុស្ស​ប្រុស​៤-៥​នាក់ បាន​បណ្ដេញ​ឲ្យ​ពួក​គ​ចេញ ពី​នោះ ហើយ​ដល់ពេល​ពួក​លោក​ចេញ​មក​ខាងក្រៅ ស្រាប់តែ​កើតរឿង​ហេតុ​បែបនេះ​តែម្តង​។​
​សូម​បញ្ជាក់​ថា ក្រុម​ឡើង​ការពារ​ជើងឯក​បាល់ទាត់​អង់គ្លេស Barclays Premier League មួយ​នេះ បាន​លក់ដាច់​សំបុត្រ​១១០០​សន្លឹក​ដល់​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ សម្រាប់​ការប្រកួត​នៅក្នុង​ពហុកីឡាដ្ឋាន Olympic ៕