លោក​ ខ្លូត ​តារា ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែទី២​ រង​ការ​ចោទ​ប្រកាន់​ថា ​ប្រព្រឹត្ត​អំពើពុករលួយ​

1723
លោក​ ខ្លូត ​តារា ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែទី២​ រង​ការ​ចោទ​ប្រកាន់​ថា ​ប្រព្រឹត្ត​អំពើពុករលួយ

ភ្នំពេញ ៖ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ លោក ​ខ្លូត តារា បាន​រង​នូវ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច​របស់​លោក។

លោ​ក ខ្លូត តារា ត្រូវ​បាន​ជន​អនាមិក​ប្ដឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​លោក​ ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ថា ​បាន​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ជន​ជាប់ឃុំ ​បង់​ប្រាក់​មួយ​ចំនួន​ពេល​មក​ជួប​សួរសុខទុក្ខ​ជន​ជាប់ឃុំ ​កិបកេង​របប​អ្នក​ជាប់ឃុំ ​និង​កិបកេង​របប​មន្ត្រី​ពន្ធនាគារ​ថែម​ទៀត​ផង​។

លិខិត​ពាក្យ​បណ្តឹង​ដាក់​ចូល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បង្ហាញថា ​ទី​១ លោក ខ្លូត តារា បាន​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ដែល​មក​ជួប​សួរសុខទុក្ខ​ជន​ជាប់ឃុំ​ខ្លួន បង់ប្រាក់​ចំនួន​៣២.០០០​រៀល នៅ​រាល់​ពេល​ដែល​ចូល​សួរសុខទុក្ខ​ម្តងៗ ទី​២ លោក ខ្លូត តារា យក​លុយ​ពី​ជន​ជាប់​ឃុំខ្លួន​ក្នុង​ម្នាក់ៗ​ចាប់ពី​១០០​ដុល្លារ​ទៅ​៥០០​ ដុល្លារ​ជា​ថ្នូរ​ក្នុង​ការ​ផ្លាស់ប្ដូរ​បន្ទប់ ទី៣ លោក ខ្លូត តារា កិបកេង​របប​ជីវភាព​ប្រចាំថ្ងៃ​របស់​ជន​ជាប់​ឃុំខ្លួន ចំនួន​ប្រហែល​ពី ១០​លាន​ទៅ​១៥​លាន​រៀល​ក្នុង​មួ​យ​ខែ ​និង​ទី​៤ លោក ខ្លូត តារា យក​ប្រាក់​ខែ​របស់​មន្ត្រី​ដែល​មិន​មក​បម្រើ​ការងារ​ចំនួន​៩​នាក់ ​មក​ធ្វើជា ​ប្រយោជន៍​ផ្ទាល់​ខ្លួន​អស់​រយៈពេល​៤​ឆ្នាំ​កន្លះ​កន្លង​មក​ហើយ​។​

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ខ្លូត តារា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២​បាន​ធ្វើ​លិខិត​បំភ្លឺ​មកកាន់​អង្គ​ភាព​ ប្រឆាំង​អំពើពុករលួយ​ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ​។ លោក  ខ្លូត តារា ​បាន​រៀប​រាប់​ថា​ក្នុង​លិខិត​បំភ្លឺ​ថា ទី​១ ករណី​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ដែល​មក​សួរសុខទុក្ខ​ជន​ជាប់​ឃុំខ្លួន ​៖ បញ្ហា​ការ​តម្រូវ​ឲ្យ​គ្រួសារ​អ្នក​មក​សួរសុខទុក្ខ ជន​ជាប់ឃុំ​ត្រូវ​បង់ប្រាក់ ​៣២.០០០ រៀល​នោះ​គឺ​គ្មាន​ទេ មានតែ​អង្គ​ភាព​របស់​គាត់​ឲ្យ​បង់ប្រាក់​ចំនួន ២.០០០ រៀល ថ្លៃ​បំពេញ​ពាក្យសុំ​ជួប​តែប៉ុណ្ណោះ ទី​២ ករណី​យក​លុយ​ពី​ជន​ជាប់ឃុំ​ខ្លួន​៖ ការ​យក​លុយ​ពី​ជន​ជាប់​ឃុំខ្លួន ១០០ ដុល្លារ ទៅ ៥០០ ដុល្លារ ក្នុង​ការ​ផ្លាស់​ប្ដូរ​បន្ទ​ប់​នោះ​ គ្មាន​ទេ មានតែ​ការចាត់ចែង​ផ្លាស់ប្ដូរ​ទៅតាម​សំណូមពរ​ចាំបាច់​របស់​ការិយា​ល័យ​តែ​ ប៉ុណ្ណោះ​។​ ទី​៣ ករណី​កិបកេង​របប​ជីវភាព​ប្រចាំថ្ងៃ​របស់​ជន​ជាប់ឃុំ​ខ្លួន ​៖ ការ​កិបកេង​របប​ជីវភាព ប្រចាំថ្ងៃ​របស់​ជន​ជាប់ឃុំ​ខ្លួន​ពី​១០ លាន​រៀល ទៅ ១៥ លាន​រៀល​ក្នុង​មួយ​ខែៗ​នោះ​គ្មាន​ទេ ផ្ទុយ​មកវិញ​គាត់​ត្រូវ​ដោះស្រាយ​ផ្គត់ផ្គង់ ​របបហូបចុក​ជន​ជាប់ឃុំ​មុន​ថវិការដ្ឋ​ផ្តល់​ឲ្យ និង​ទី​៤ ករណី​យក​ប្រាក់​ខែ​របស់​មន្ត្រី​ដែល​មិន​មក​បម្រើ​ការងារ​៖ ការ​យក​ប្រាក់ខែ​របស់​មន្ត្រី​ដែល​មិន​បាន​មក​បម្រើ​ការងារ​ចំនួន​៩​នាក់​ នោះ​គ្មាន​ទេ ជាក់ស្តែង​មន្ត្រី​អសកម្ម​ការងារ​មាន​ចំនួន​៧​នាក់​ប៉ុណ្ណោះ ហើយ​គាត់​បាន​ធ្វើ​សំណើ​ទៅ អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​អគ្គ​ភ័ស្ដុភារ​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ សុំ​ផ្អាក​បៀវត្សរ៍​ដោយ​បញ្ញត្តិ រយៈពេល​៣​ខែ រួចរាល់​ហើយ។

ទោះបី​យ៉ាង​ណា បើ​តាម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ អង្គភាព​ពុំ​មាន​មាន​ចំណាត់​យ៉ាងណា​នៅឡើយ​ទេ ពោល​គឺ​កំពុង​ប្រមូល​ភស្តុតាង បន្ថែម​ទៀត មុននឹង​ធ្វើការ​សម្រេច​ចុងក្រោយ៕