ប្រជា​ពលរដ្ឋ​ក្រុងព្រះសីហនុ​រអ៊ូរទាំ​រឿង​ក្លិនស្អុយ​ចេញពី​បង្គន់​ដែល​បង្ហៀរ​ចេញ​ក្រៅ​

553
ប្រជា​ពលរដ្ឋ​ក្រុងព្រះសីហនុ​រអ៊ូរទាំ​រឿង​ក្លិនស្អុយ​ចេញពី​បង្គន់​ដែល​បង្ហៀរ​ចេញ​ក្រៅ

​ព្រះសីហនុ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ ៥០២ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ​បាន លើកឡើង​អំពី​បញ្ហា​ទឹកស្អុយ ​បង្ហៀរ​ចេញពី​បង្គន់​មក​លើ​ផ្លូវ​ថា ធ្​វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍ ។

តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាននិយាយ​ប្រាប់​កាលពី​ថ្ងៃទី ២០ ខែតុលា ​​ថា ទឹកស្អុយ​ហូរ​លើផ្លូវ ៥០២ នេះ មាន ជាង​ពីរ​ឆ្នាំ​មក​ហើយ ជួនកាល​ហូរ​មក​ទាំង​កាក​មកលើ​ផ្លូវ ​ហើយ​ជះក្លិន​ស្អុយ​ពិបាក​ទ្រាំ ។

តំណាង​ប្រជាពលរដ្ឋ​រូបនោះ បាន​បន្តថា ​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ទឹកស្អុយ​ហូរ​ចេញពី​បង្គន់​មក លើផ្លូវ​នេះ ព្រោះ​កន្លងមក អាជ្ញាធរ​ខេត្ដ​បណ្ដោយ​ឲ្យ​មាន​សំណង់ផ្ទះ​អាគារ​ដែល​មិន​គោរព​តាម​ បែបបទ​សំណង់​តាម​តំបន់ឆ្នេរ ។​
​លោក អ៊ី សុខ​ឡេង អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ ​មានប្រសាសន៍ថា ​បញ្ហា ​ទឹក​ស្អុយ​ហូរ​លើផ្លូវ ​៥០២ នេះ ​គឺ​បណ្ដាលមកពី​សំណង់ផ្ទះ​ចំនួន​ ៤៣ គ្រួសារ ​។ កន្លងមក ​មាន​សំណង់ ខ្លះ​បាន​សាងសង់​តាម​បែប​បទ​បច្ចេកទេស​របស់​ជំនាញ​ខេត្ដ​បាន​ណែនាំ​ តែ​មាន​ខ្លះ​មិនបាន​គោរព តាម​បែបបទ​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ ។​
​លោក​ បន្ថែមថា ​អាជ្ញាធរ​ខេត្ដ​បាន​ណែនាំ​ពួកគាត់​ទាំង ៤៣ គ្រួសារ​ឲ្យ​បង្ហៀរ​ចូល​ទៅក្នុង​លូ បណ្ដោះ​អាសន្ន​សិន​ដល់ពេល​អាង​ស្តុក​ធ្វើ​រួច​នឹង​ត​ភ្ជាប់​បង្ហូរ​ចូល ។​
​លោក សាមុត សុធា​រិ​ទ្ធ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះសីហនុ ​ថ្លែងថា ​មន្ទីរ​បរិស្ថាន​សហកា​រម​ន្ទីរ សាធារណការ​កំពុង​សាងសង់​អាង​ស្តុក​ទឹកស្អុយ​កាកសំណល់​រឹង​រាវ​ ដើម្បី​ស្ដុក​ហើយ​បូម​យកទៅ​អាង ប្រព្រឹត្តិកម្ម​ខេត្ដ​ដើម្បី​ធ្វើ​ចម្រោះ ។

ផ្លូវ ៥០២ មាន​ប្រវែង​ប្រមាណ ៥០០ ម៉ែត្រ ចាប់ពី​រង្វង់​មូល​តោ​ពីរ​ទៅដល់​ឆ្នេរសមុទ្​រ និង ផែ​ទូក ស្ថិតនៅ​ក្នុងភូមិ ៤ សង្កាត់ ៤​ ខេត្ដ​ក្រុងព្រះសីហនុ ។ នៅ​អប​សងខាង ​មាន​ហាង​បរទេស ផ្សារ​ទំនើប និង ជា​តំបន់​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ជាច្រើន​មក​លម្ហែ​មក​ទទួលទាន​អាហារ និង ឆ្លងកាត់​ទៅ​លម្ហែ​កម្សាន្ដ តាម​កោះ​នានា​នៃ​ខេត្ដ​ព្រះសីហនុ ៕