ស្លូ​វេ​នី បើក​ច្រកព្រំដែន​ឲ្យ​ជនអន្តោប្រវេសន៍​ឆ្លងកាត់​ប្រទេស​របស់ខ្លួន​

301

ស្លូ​វេ​នី៖ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ជនអន្តោប្រវេសន៍​ប្រមាណ​ជាង​១៥០០​នាក់ បាន​សម្រុកចូល​ក្នុងប្រទេស​ស្លូ​វេ​នី ក្រោយ​ចំណាយពេល​ពេញ​មួយ​យប់​នៅក្រោម​អាកាសធាតុ​ត្រជាក់ ដែល​ស្ថិត​នៅជាប់​នឹង​តំបន់​ឆ្លង​ព្រំដែន​ជាមួយ​ប្រទេស​ក្រូ​អាត​។​

ជនភៀសខ្លួន​មួយក្រុម​ដែល​មើលទៅ​ដូចជា​អស់កម្លាំង​ខ្លាំង រួមមាន​ទាំង​គ្រួសារ និង​កូនតូច​ដែរនោះ ត្រូវបាន​នាំ​ផ្លូវ​ដោយ​ក្រុមនគរបាល ដើរ​ឆ្ពោះទៅកាន់​ភូមិ​រី​ហ្គូ​ន​ស៊ី និង​ភូមិ​ដូ​បូ​វ៉ា​។​

គួរ​ឲ្យ​ដឹងថា ជនអន្តោប្រវេសន៍​ជាង​១​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ភៀសខ្លួន​ចេញ​មកពី​ប្រ​ទស​ស៊ី​រី​នោះ បានធ្វើ​ដំណើរ​មកដល់​ប្រទេស​តូច​មួយ​នេះ តាម​ច្រក​តំបន់​បាល់​កង់ ក្នុង​ដំណើរ​របស់​ពួកគេ​ឆ្ពោះទៅកាន់​ប្រទេស​អូទ្រីស និង​ប្រទេស​អាល្លឺម៉ង់​។​

ពួកគេ​ទាំងនេះ ត្រូវបាន​នាំទៅ​កាន់​មណ្ឌល​ចុះឈ្មោះ មុនពេល​បន្តដំណើរ​ទៅកាន់​ប្រទេស​អូទ្រីស ប៉ុន្តែ​ដោយសារតែ​មណ្ឌល​មួយចំនួន​ពេញ​ហើយ​នោះ ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ឈរ​ចាំ​នៅ​ខាងក្រៅ​ព្រំដែន​នោះទេ ដែល​ញាំញី​ដោយសារ​អាកាសធាតុ​ត្រជាក់ ភ្លៀង​ធ្លាក់ និង​ទទួលបាន​ចំណីអាហារ​មិន​គ្រប់គ្រាន់ មុនពេល​អាច​បន្តដំណើ​រ​ឆ្ពោះ​តៅ​កាន់​អឺរ៉ុប​ភាគ​ខាងលិច​។​

សូមបញ្ជាក់ថា នេះ​គឺជា​វិបត្តិ​ជនអន្តោប្រវេសន៍​ដ៏​អាក្រក់​បំផុត​មួយ​នៅ​អឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ជា​កន្លែង​ដែល​មនុស្ស​រាប់ម៉ឺន​រាប់សែន​នាក់ បាន​ជម្លៀស​ចេញពី​សង្គ្រាម និង​ភាពក្រីក្រ​នៅ​តំបន់​មជ្ឈិមបូព៌ា អាស៊ី និង​អាហ្វ្រិក​នា​ឆ្នាំ​២០១៥​នេះ ក្នុងនោះ​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត បាន​បាត់​បង់ជីវិត​នៅតាម​ផ្លូវ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​ពេល​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​៕