ប្រទេស​ម៉ាលី​នឹង​ទទួល​បាន​ថវិកា​ជំនួយ ​៣៦០​លាន​អឺរ៉ូ​ពី​រដ្ឋាភិបាល​បារាំង​ សម្រាប់​ផែនការ​អភិវឌ្ឍ​ឆ្នាំ​២០១៥-២០១៧

277
ប្រទេស​ម៉ាលី​នឹង​ទទួល​បាន​ថវិកា​ជំនួយ ​៣៦០​លាន​អឺរ៉ូ​ពី​រដ្ឋាភិបាល​បារាំង​ សម្រាប់​ផែនការ​អភិវឌ្ឍ​ឆ្នាំ​២០១៥-២០១៧

​បារាំង​៖ ប្រធានាធិបតី​បារាំង​លោក ​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ថ្លែង​អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ម៉ាលី គឺ​លោក​អ៊ីប្រាហ៊ីម ប៊ូ​បា​កា ខេ​តា ថា ប្រទេស​ម៉ាលីនឹង​ទទួល​បាន​ថវិកា​ជំនួយ​ចំនួន ​៣៦០​លាន​អឺរ៉ូ​ពី​ប្រទេស​បារាំង សម្រាប់​ផែនការ​អភិវឌ្ឍ​ឆ្នាំ​២០១៥-២០១៧។
​ការ​ផ្តល់​មូលនិធិ​នេះ​ដែរគឺ​មាន​គោលដៅ​ ដើម្បី​ជួយ​កសាង​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​ឡើងវិញ ពិសេស​គឺ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ ដោយសារ​សង្គ្រាម​ជាមួយ​ក្រុម​បំបែក​ខ្លួន​តួ​រ៉េ​ក និង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​អ៊ីស្លាម​ ដែល​ជា​បណ្ដាញ​របស់​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា​។​ លោក​ ហូ​ឡង់ បាន​និយាយ​អំឡុង​សន្និសីទ​របស់​អង្គការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​ហៅ​កាត់ OECD ថា នៅ​ចន្លោះ​ថ្ងៃទី​១ ខែមករាឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៧ បារាំង​នឹង​ផ្តល់​ឥណទាន​ចំនួន​៣៦០​លាន​អឺរ៉ូ ដល់​គម្រោង​អភិវឌ្ឍ​ប្រទេស​ម៉ាលីដែល​ក្នុង​នោះ​ថវិកា​៨០​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍ​តំបន់​ភាគ​ខាងជើង​។​ នៅក្នុង​ឱកាស​នោះ​ដែរលោក ​ខេ​ត បាន​ថ្លែង​ថា ការ​ងើប​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ពី​ជម្លោះ​នៅ​តំបន់​ភាគ​ខាងជើង គឺជា​អាទិភាព​ជាងគេតាមរយៈ​ផែនការ​អនុវត្តន៍​បន្ទាន់ សម្រាប់​រយៈពេល​អន្តរ​កាល​មួយ ហើយ​ប្រទេស​ម៉ាលីនឹង​ប្រឹង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​សម្រេច​ឲ្យ​បាន​គម្រោង​មួយ​នេះ​។​ គួរ​រំឭក​ថា ការ​ធ្វើ​អន្តរ​គម​ន៍​ផ្នែក​យោធា​ដែល​ដឹកនាំ​ដោយ​បារាំង​កាលពី​ខែមករា​ឆ្នាំ​២០១៣​កន្លងទៅ បាន​ជួយ​បោសសំអាត​ក្រុម​ជីវពល​អ៊ីស្លាម​ជ្រុលនិយម ដែល​បាន​កាន់កាប់​តំបន់​ភាគ​ខាងជើង​ប្រទេស​ម៉ាលី បន្ទាប់ពី​ការបះបោរ​របស់​ក្រុម​ចលនា​តួ​រ៉េ​ក ក៏ដូចជា​រដ្ឋប្រហារ​យោធា​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​មួយ​នេះ​៕
អត្ថបទ៖ សារ៉ាត់