បណ្ដាញ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​

353

ព្រះសីហនុ​ ៖​ កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​សន្តិសុខ​៤០១​នៅ​ក្រុម​៤​ភូមិ​តា​នៃ​ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​បាន​ចុះ​បង្ក្រាប​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ ជួញដូរ ប្រើប្រាស់​គ្រឿងញៀន រួម​ជា​មួយ​វត្ថុ​តាង​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​នៅ​វេលា​ម៉ោង​១៩និង​៣៥​នាទី​កាល​ពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ហើយ​ជនសង្ស័យ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​។​លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ដែល​ជា​មុខសញ្ញា​បណ្ដាញ​ចែកចាយ ជួញដូរ និង​ប្រើ​ប្រាស​គ្រឿងញៀន​ចំនួន​១​នាក់ ដែល​ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នេះ​មានឈ្មោះ ហួន ​ចាន់​ថា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ ក្រុម​៤​ភូមិ​តា​នៃ​ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ដកហូត​វត្ថុ​តាង​រួមមាន​៖ -​ម្សៅ​ស​ថ្លា​១៧​កញ្ចប់​-​ដប​ជក់​ចំនួន​១-​ដែកកេះ​៥-​ទុយោ​១​ថង់​-​ប្រាក់​រៀល​១៧៥.០០០​រៀល​-​ទូរស័ព្ទ​ដៃ​៣-​ម៉ូតូ​ម៉ាក​យ៉ា​មា​ហា​ស៊ី​រូស​១​គ្រឿង​-​គ្រាប់ឃ្លី​កង់​ចំនួន ៦៧​គ្រាប់​។​លោក បាន​បន្ថែម​ឲ្យ​ដឹង​ថា ចំពោះ​ករណី​គ្រាប់កង់​នេះ​គឺ​ជនសង្ស័យ​ប្រើប្រាស់​សម្រាប់​បាញ់​ជា​មួយ​និង​កាំភ្លើង​កែច្នៃ ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង​កំពុង​សាកសួរ និង​បន្ត​ស្វែងរក​កាំភ្លើង​កែច្នៃ​នេះ​។​

លោក​ឧត្ដមសេនីយ៍ បាន​បញ្ជាក់​ថា ចំពោះ​ជនសង្ស័យ​១​នាក់​នេះ រួម​ជា​មួយ​វត្ថុ​តាង​ទាំងអស់ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កំពុង​សាកសួរ​បន្ត​រក​បណ្ដាញ​ចែកចាយ​បន្ថែម​ទៀត និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​​លោក​ឧត្ដមសេនីយ៍ បាន​បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិការ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿង​ញៀន​នេះ ទោះបី​មានការ ចំណាយ​ថវិកា​ច្រើន​ក្ដី​ក៏​កម្លាំង​សមត្ថកិច្ច​លោក បាន​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​រហូត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ ប្រើប្រាស់​កន្លង​មក​នេះ ហើយ​និង បន្ត​ស្វែងរក​បណ្ដាញ​ចែកចាយ និង​មេ​ឃ្លោង​ចែកចាយ​ធំ​ដើម្បី​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ទប់ស្កាត់​ការ​រីក​សាយ​បណ្ដាញ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​គ្រោះ​ថ្នាក់​ចំពោះ​អនាគត​របស់​ប្រជាពលរដ្ឋ​យើង​នេះ​៕