មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​២​នាក់​ទៀត​រង​របួស​ ក្នុង​ហេតុការណ៍​បាញ់បោះ​សេរី​នៅក្នុង​សាកលវិទ្យាល័យ​រដ្ឋ​តេ​ណេ​ស៊ី

480
មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​២​នាក់​ទៀត​រង​របួស​ ក្នុង​ហេតុការណ៍​បាញ់បោះ​សេរី​នៅក្នុង​សាកលវិទ្យាល័យ​រដ្ឋ​តេ​ណេ​ស៊ី​

​អាមេរិក៖ ក្រុម​នគរបាល​បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​២​នាក់​ផ្សេងទៀតបាន​រង​របួស​ដោយ​សា​រ​ការ​បាញ់​បោះ​សេរី​ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​រដ្ឋ​តេ​ណេ​ស៊ី ស្ថិត​នៅ​ក្នុង​ទីក្រុង​ណាស់​វី​ល សហរដ្ឋអាមេរិកកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​
​ស្នងការដ្ឋាន​នគរបាល​ក្រុង​ណាស់​វី​លបាន​ឲ្យ​ដឹង​ថា ករណី​បាញ់បោះ​សេរី​នេះ​ដែល​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​យប់គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​លេងល្បែង​គ្រាប់​ឡុកឡាក់ នៅ​សួន​ខាងក្រៅ​សាកលវិទ្យាល័យ​។​ រីឯ​អ្នកនាំពាក្យ​សាកលវិទ្យាល័យ​បាន​អះអាង​ថា បុរស​ម្នាក់​ដែល​បាត់បង់​ជីវិត​មិនបាន​ចុះឈ្មោះ​ចូលរៀន​ក្នុង​សាលា​នេះ​នោះ​ទេ ហើយ​ក្រុម​នគរបាល​ក៏​មិនបាន​បញ្ជាក់​ថា ​មាន​បុគ្គល​ផ្សេង​ពាក់ព័ន្ធ​នឹង​និស្សិត ឬ​អ្នក​មកលេង​សាលា​នោះ​ដែរ​។​ ទោះបីជា​យ៉ាងណាក៏ដោយមក​ទល់​នឹង​ពេលនេះ នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ពី​ការ​ចាប់​ខ្លួន​ជនសង្ស័យ​នោះ​ទេ​។​ លោក​តាន​យ៉ា ស្តូ​ន ដែល​ជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​នៅ​មន្ទីរ​ទំនាក់ទំនង​បន្ទាន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ណាស់​វី​លបាន​និយាយ​ថា ជនរងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​ចំនួន ​៣​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្នុង​នោះ​២​នាក់មិន​គំរាមកំហែង​ដល់​ជីវិត​ទេ​។​ គួរ​ឲ្យ​ដឹង​ថា កាលពី​សប្ដាហ៍​កន្លងទៅ មនុស្ស​៣​នាក់ត្រូវ​បាន​បាញ់​ឲ្យ​របួស អំឡុង​ពិធីជប់លៀង​មួយ​នៅ​ជិត​បរិវេណ​សាកលវិទ្យាល័យ​មួយ​នេះ​៕
អត្ថបទ៖ សារ៉ាត់