ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​មិនបាន​សម្រេច​

561
ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​មិនបាន​សម្រេច​

ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​មិន​សំរេច​ត្រូវ​គាត់​ទាញ​មកវិញ​ហើយ​ក៏​ដួល​ម៉ូតូ បាន​ប្រជាពលរដ្ឋ ចាប់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​តាម​បណ្ដា​យ​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​មានឈ្មោះ ម៉ាច់ ទិន​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ក្រោយ​ភូមិ​សាមគ្គី សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​ចំណែក​ស្ត្រី​រងគ្រោះ មានឈ្មោះ ហ៊ុយ ហេង ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ មាន​មុខរបរ​ជា​គណនេយ្យ​នៅ​ផ្សារ​អូឡាំពិក​ស្នាក់​នៅផ្ទះ​លេខ​៧២Tc ក្នុង​បុរី​លឹម​ឈាង​ហាក់​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

យោង​តាម​សម្ដី​សាក្សី នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ថា​នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ស្ត្រី​ខាង​លើ​នេះ​​ជិះ​ម៉ូតូ​កង់​បី​មាន​ចៅ​និង​កូន​ធ្វើដំណើរ​តាមផ្លូវ​ម៉ៅ​សេង​ទុង​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​មុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វីវ៉ា​​​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​មក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ក្នុង​ដៃ​របស់​គាត់​តែ​គាត់​បាន​ទាញ​មកវិញ​ធ្វើអោយ​ចោរ​ដួល​ហើយ​គាត់​បាន​ស្រែក​ថា​ចោរៗ​ពេលនោះ​ជនសង្ស័យ​ភ័យ​ក៏​រត់​គេច​ខ្លួន​ម្នាក់​ចំណែក​គ្នា​វា​ម្នាក់ទៀត​ត្រូវ​បាន​ប្រជាជន​និង​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ​យក​មក​កាន់​ប៉ុស្តិ៍​ទឹកល្អក់​៣​ដើម្បី​ធ្វើការ​សួរនាំ​​បន្ថែម​ទៀត​នោះ បើ​តាម​សំដី​ស្ត្រីជន​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​គឺ​រូប​គាត់​បំរុង​ជូន​ចៅ​ទៅ​រៀន​ចិន​នៅ​ក្បែរ​ផ្សារ​អូឡាំពិក​តែ​មិនទាន់​ដល់​សាលា​ផង​ក៏​ជនសង្ស័យ​ឆក់​កាបូប​គាត់​តែ​ម្ដង​ទៅ​ ៕​

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​នរគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​៣ បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សុំ​ណំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​