​​​សម្ដេច​តេ​ជោ ហ៊ុន សែន ជំរាប​ជូន​ភ្ញៀវ​ធនាគារពិភពលោក​ថា​ទោះ​ជា​មាន​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​បាន​យ៉ាង​ល្អ​ប្រសើរ តាមរយៈ​ការ​ប្រឹង​ប្រែង​រួមគ្នា ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត

385

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ទាក់ទិន​អំពី​បញ្ហា​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​បែបនេះ ក្នុង​ខណៈ​ដែល​សម្ដេច​បា​ន​អនុញ្ញាត​ឱ្យ​ឯកឧត្តម អាក់ សិ​ល វ៉ាន់ ត្រូ​សិន​ប៊័​ក (Axel Van Trotsenburg) អនុប្រធាន​ធនាគារពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត ប៉ាស៊ីហ្វិក ជួប​សំដែង​ការគួរ និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២​វិច្ឆិកា​នេះ​។​
​​ឯកឧត្តម អ៊ាង ​សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា​៖ នៅក្នុង​ជំនួប​នេះ ឯកឧត្តម Axel Van បាន​គោរព​ជំរាប​ជូន​សម្ដេច​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​មកកាន់​កម្ពុជា និង​ជា​ឱកាស​ដែល​លោក​បាន​មក​ឃើញ​ដោយ​ផ្ទាល់​ពី​ការ​រីក​ចំរើន​លើ​វិស័យសេដ្ឋកិច្ច របស់​កម្ពុជា ហើយ​លោក​បាន​មានប្រសាសន៍ថា​នៅក្នុង​អាស៊ី​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា មានការ​រីក​ចំរើន​ យ៉ាង​ឆាប់រហ័ស ហើយនឹង​បន្ត​រីក​ចំរើន​​តទៅទៀត ទោះបីជា​សេដ្ឋកិច្ច នៅក្នុង​ពិភពលោក មាន​ភាព​សាំញ៉ាំ ស្ថិត​នៅ​ក្នុង​ស្ថានភាព​សាំញ៉ាំ​ក៏ដោយ ។

លោក បាន​បន្ថែម​ថា ប្រទេស​កម្ពុជា បាន​ទទួល​ជោគជ័យ យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​នៅក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​​ក្នុង​ន័យ​នេះ លោក​បាន​សំដែង​នូវ​ការ​អបអរ​សារ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លោក វ៉ាន់ បាន​មានប្រសាសន៍​បន្ថែម​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តសៀមរាប​ជាដើម ហើយ​អ្វី​ដែល​បាន​មើលឃើញ​នោះ គឺ​ប្រជាជន​បាន​ធ្វើ​ការ​ដាំដុះ និង​ផលិត និង​ទទួល​បាន​ចំណូល ដែល​ធ្វើ​ឱ្យ​ប្រជាជន​ទាំងនោះ​មាន​ជីវភាព រស់នៅ​បាន​យ៉ាង​ល្អ​​ក្នុង​ន័យ​នេះ លោក​បាន​បញ្ជាក់​ជូន​ថា ធានា​គារ​ពិភពលោក ចង់​ចូលរួម​ធ្វើ​ការ​ឱ្យ​កាន់ តែ​សកម្ម​រួមដៃគ្នា ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច កម្ពុជា​ឱ្យ​កាន់តែ​រី​កចំរើន​ថែមទៀត​។​

​ ​ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច ក៏ដូចជា​ការកាត់បន្ថយ ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​នេះ ក៏​ជា​ការ​ទទួល​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា នៅតែ​មាន​សក្ដានុពល ក្នុង​ការជំរុញ​សេដ្ឋកិច្ច ឱ្យ​មាន​ការ​រីក​ចំរើន​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យ​កាន់​តែ​ខ្លាំង​លើក​កំពស់​ជីវភាព​រស់​នៅ​រ​បស់​ប្រជាជន​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​ផង​ដែរ​​​ក្នុង​ន័យ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា សម្ដេច នឹង​បន្ត​ធ្វើការ​ជាមួយ​ធនាគារពិភពលោក ក៏ដូចជា​ស្នើសុំ​ឱ្យ​ធនាគារពិភពលោក​បន្ត​ធ្វើការ​រួមគ្នា ជាពិសេស​ជាមួយនឹង​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅលើ​អ្វី​ដែល​បាន​ពិភាក្សា គ្នា​កន្លងមក​៕