ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ​ ជម្រុញ​ឲ្យ​មន្ត្រី​ទាំងអស់​ពង្រឹង​សមត្ថភាព​ការពារ​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើ​ថែមទៀត​

441

​ភ្នំពេញ ៖ ​​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ នាយក​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន បាន​លើកឡើងថា ​កិច្ចការ​ព្រំដែន គឺជា​ការងារ​សំខាន់​ចាំបាច់ ដែល​ទាម​ទារ​ឲ្យ​នាយទាហាន ព្រំដែន​ទាំងអស់​មាន​សមត្ថភាព ចំណេះដឹង​គ្រប់គ្រាន់ ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសជិតខាង កាន់​តែ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង ​ថែមទៀត​ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អ ​នៅតាម​តំបន់​ព្រំដែន ដែល​មេដឹកនាំ​ប្រទេស​នីមួយៗ​ចង់បាន​។

ថ្លែង​ទៅកាន់​នាយទាហាន ពលទាហាន​ដែល​ជា​សិក្ខាកាម​កំពុង​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល ​លើ​ជំនាញ កិច្ចការ ព្រំដែន​ជំនា​ន់​ទី​១ នៅ​សាលា​ការពារ​ព្រំដែន (​លង្វែក​ខេត្តកំពង់ឆ្នាំង​) លោក ឧ​ត្ត​ម​សេនីយ៍​ឯក បាន​លើក​ឡើងថា​ សន្តិសុខ​ព្រំដែន​ជាមួយ​ នឹង​ប្រទេសជិតខាង​គឺជា​ការសំខាន់​បំផុត ហើយ​មាន​សន្តិសុខ​ល្អ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ប្រសើរ​ជា​លំដាប់​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ផ្ដាំផ្ញើ ដល់​សិក្ខាកាម​ទាំងអស់​ត្រូវយក ​ចំណេះដឹង​ពី​ការសិក្សា ទៅ​បំរើ​ការងារ​ជូន​អង្គភាព របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើ​កិច្ចការពារ​ព្រំដែន ជាមួយ​ប្រទេសជិតខាង ហើយ​ត្រូវ​ខិតខំ​ធ្វើការ​ទប់ស្កាត់​នូវ រាល់​បទល្មើស​មួយ​ចំនួន​រួមមាន ការ​ឆ្លងដែន​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ជួញដូរ​គ្រឿងញៀន ​ការជួញដូរ​មនុស្ស​ឆ្លងដែន និង​រត់ពន្ធ​ទំនិញ គ្មាន​ពន្ធ​ជាដើម តប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ។

សូម​រំលឹកថា វគ្គ​ហ្វឹកហ្វឺន និង​បណ្តុះ​បណ្តាល​ជំនា​ន់​ទី​១​ នេះ មាន​សិក្ខាកាម​ចំនួន​២០០​នាក់ មកពី​យោធភូមិភាគ​ពិសេស​ យោធភូមិភាគ​ទី​១ យោធភូមិភាគ​ទី​៣ យោធភូមិភាគ​ទី​៤ យោធភូមិភាគ​ទី​៥ បញ្ជាការ​ដ្ឋាន​កងជើង​ទ័ព​ទឹក កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​ហ្វឹកហ្វឺន និង​ទទួល​ការ​បណ្តុះបណ្តាល​ ខ្លឹមសារ​មេរៀន រួមមាន​អំពី​នីតិ អន្តរជាតិ​សាធារណៈ ច្បាប់​កុងស៊ុល និង​ការងារ​ទូត ការងារ​ទេសន្តរប្រវេសក៍​ផែនទី ព្រំដែន​គោក ច្បាប់​ពាក់ព័ន្ធ ​អន្តោ​ប្រវេសន៍ ច្បាប់​ទំនាក់ទំនង​អន្តរជាតិ ​នយោបាយ​ការបរទេស និង​ច្បាប់​អាស៊ាន លិខិត​បទដ្ឋាន​រដ្ឋបាល និង​ឋានលេខា​ដែល​ដំណើរការ​ហ្វឹកហ្វឺន មាន​រយៈពេល​៦​ខែ​៕