ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ចូលរួម​កិច្ចប្រជុំ​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នៅ​ប្រទេស​ចិន​

237

ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ច​សហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង លើក​ទី​១ រយៈពេល​៣ ថ្ងៃ​នៅ​ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។​

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា តាម​ការ​អញ្ជើញ​របស់​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​តាម​ការ​អញ្ជើញ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង លើក​ទី​១ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ជី​ង​ហុង ខេត្ត​យូ​ណាន ប្រទេស​ចិន ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់ថា កិច្ចប្រជុំ​នោះ នឹង​ពិភាក្សា​លើ​ការបង្កើត​រចនា​សម្ពន្ធ​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ហើយនឹង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ជី​គំរោង ដែល​ឆាប់​ទទួល​បាន​ផល ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​ធនធានទឹក សុខភាព​សាធារណៈ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​វប្បធម៌​។​

សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា កិច្ចប្រជុំ​នេះ ក៏​នឹង​ពិនិត្យ​អំពី​ទំនាក់ទំនង​របស់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន ឆាង ជាមួយនឹង​ក្របខណ្ឌ​អនុតំបន់​ដទៃទៀត ដូចជា កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អាស៊ាន អាង​ទន្លេមេគង្គ​ផង​ដែរ ហើយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមមួយ នឹងត្រូវ​ចេញផ្សាយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​៕