អាជ្ញាធរ​ខេត្ត​កណ្ដាល​​ចុះ​ជួយ​សង្គ្រោះ​ស្រូវ​រដូវប្រាំង​របស់​កសិករ​​ក្នុងស្រុក​កៀនស្វាយ​

269
អាជ្ញាធរ​ខេត្ត​កណ្ដាល​​ចុះ​ជួយ​សង្គ្រោះ​ស្រូវ​រដូវប្រាំង​របស់​កសិករ​​ក្នុងស្រុក​កៀនស្វាយ​

កណ្ដាល​៖ ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​កសិករ​ក្នុងស្រុក​កៀនស្វាយ​ឲ្យ​បាន​ទាន់​ទាន់​ពេល​វេលា​នោះ​ កាល​ពី​ថ្ងៃទី​៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ ​ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​បាន​ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​​​បូមទឹក​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ ​កិច្ច​អន្តរា​គម​ន៏​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កណ្ដាល​ធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ​តាម​តំបន់​ដែល​ជួប​ការ​ខ្វះខាត​ទឹក​ក្នុង​រដូវប្រាំង​នៅ​ទូទាំង​ខេត្ត​។​
​ ​គួរ​បញ្ជាក់​ថា​ ដោយសារ​ឆ្នាំនេះ​កម្ពុ​ជា​មាន​ទឹកភ្លៀង​ធ្លាក់​តិច​ជាង​បណ្ដា​ឆ្នាំមុនៗ​នោះ​កន្លងទៅ​ថ្មីៗ​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត ស្រុក និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅ​តាម​អាង​ស្តុក​នានា ដែល​មាន​ក្នុង​ខេត្ត ដើម្បី​បូមទឹក​ពី​ទន្លេ បញ្ចូល​ក្នុង​អាង​ត្រៀមលក្ខណៈ សង្គ្រោះ​ស្រូវ​រដូវប្រាំង​របស់​កសិករ​​​ក្នុង​ឆ្នាំ ២០១៥ -២០១៦ ឲ្យ​បាន​ទាន់​ពេល​វេលា​ព្រោះ​ទឹកទន្លេ​ឆ្នាំនេះ​ គឺ​មាន​សភាព​តូច​ជាង​ឆ្នាំ​កន្លងទៅ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​មិនអាច​ហូរ​ចូល​អាង​ស្តុក ឬ​ប្រឡាយ​មេ​បាន​ឡើ​ុ​យ​ដែល​អាច​ធ្វើ​ឲ្យ​ការងារ​បង្កបង្កើនផល​រដូវប្រាំង​របស់​កសិករ​​ឆ្នាំនេះ​អាច​ប្រឈម​និង​ការ​ខ្វះខាត​ទឹក និង មិនអាច​ធ្វើ​បាន​គ្រប់​តាម​ផែនការ​នោះ​ទេ​។​

 
​ ​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​​បូមទឹក​នៅ​ស្រុក​កៀនស្វាយ​ឯកឧត្តម​ម៉ៅ ភិ​រុណ រួម​ដំណើរ​ដោយ​ឯកឧត្តម ជ​អភិបាលរង​ខេត្តកណ្តាល និង​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត បាន​ចុះទៅ​កាន់​ចំណុច​ស្ពាន​ព្រែក ហាស់ ឃុំ​ឈើទាល​ដើម្បី​ពិនិត្យមើល​ការ​បូម​ទឹក​ពី​ទន្លេមេគង្គ បង្ហូរ​ចូល​តាម​ព្រែក​ហាស់​ ដើម្បី​បើ​ក​ទម្លាក់​ទៅ​អាង​បឹង​ធំ​ដែល​ជា​អាង​ស្តុក​ទឹក​មួយ​ដ៏​ធំ​សំរាប់​ធានា​ស្រោចស្រព​ផ្ទៃដី​ស្រូវប្រាំង​របស់​កសិករ ៤​ឃុំ​គឺ​ឃុំ ឈើទាល ឃុំ​កំពង់ស្វាយ ឃុំ ដីឥដ្ឋ ឃុំ​បន្ទាយដែក និង​ឃុំ​គគីរ​សរុប​ផ្ទៃដី​ជាង ៦០០០​ហិ​កតា​។​

 

​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​កៀន​ស្វាយ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន ម៉ាស៊ីន​ដែល​កំពុង​បូមទឹក​បញ្ចូល​អាង​ស្តុក​ទឹក​មាន ៨​គ្រឿង​ គឺ​ស្ថិត​នៅ​ចំនុច ចុង​ខ្សាច់ ភូមិ​អង្គរជ័យ​ឃុំ​បន្ទាយដែក សម្រាប់​បូម​បញ្ចូល​អាង​ស្តុក​ទឹក​អង្គរជ័យ ។​

 
​ ​ដោយឡែក​មន្ត្រី​កសិកម្ម​ស្រុក​វិញ​បាន​ឲ្យ​ដឹង​ថា ​​ឆ្នាំ​កន្លងទៅ​កំពស់​នីវ៉ូទឹក នៅក្នុង​អាង​ស្តុក​ទឹក មាន ២​ម៉ែត្រ ៧០ ធានា​បាន​គ្រប់គ្រាន់ លើ​ផ្ទៃដី​ស្រូវប្រាំង​ជាង ៦០០០​ហិកតា​។ តែ​ឆ្នាំ ២០១៥ -២០១៦ នេះ​ថ្វីត្បិតតែ​មាន​ម៉ាស៊ីនបូមទឹក​បញ្ចូល​ស្តុក​ក្នុង​អាង ក្តី​រួមផ្សំ និង ទឹកភ្លៀង​ផង​នោះ ទឹក​មាន​កំពស់​តែ ១​ម៉ែត្រ​១០​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃទី ៨ ខែ វិច្ឆិកា​នេះ​។ ដូច្នេះ​ស្រុក​កៀនស្វាយ​ធ្វើស្រែប្រាំង​មិនបាន​គ្រប់​ផែនការ​ជាង ៦​ពាន់​ហិកតា​​នោះ​បាន​ឡើយ ។​នៅ​ចំពោះមុខ​នេះ​ប្រជាកសិករ​បាន​បង្វែរ​ផ្ទៃដី​មួយ​ចំនួនធំ​ធ្វើការ​ដាំពោត និង​សណ្ដែក​វិញ ដែល​សព្វ​នេះ​ដំណាំ​ទាំងពីរ​មុខ​នេះ​តំលៃ​នៅ​ទីផ្សារ​គឺ​​ខ្ពស់​ជាង​ស្រូវ​។​

 
​នៅ​ក្នុង​នោះ ​ឯកឧត្តម ម៉ៅ ភិ​រុណ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គ្រប់គ្រង និង​ប្រើប្រាស់​ទឹក​អោយ​ចំ​មុខសញ្ញា​ចៀសវាង​កាប់​បង្ហូរ​ខុសពី​ទីតាំង​ធ្វើ​ស្រូវ​ព្រោះ​ទឹក​យើង​មាន​មិន​គ្រប់គ្រាន់​នោះ​ទេ ។ ​ដូច្នេះ​ការ​សន្សំសំចៃ​គឺជា​ការងារ​ល្អ​សំរាប់​បងប្អូន​ទាំងអស់គ្នា ចេះ​យោគយល់​គ្នា​ក្នុងករណី​ដីស្រែ​នៅ​លើ​ក្រោម​គ្នា​ពេល​បង្ហូរទឹក​ចូល​ស្រែ និង​ខិតខំ​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព ផ្ទៃដី​បាន​គ្រោង ហើយ​ខេត្ត​និង​បន្ត​ជួយ​បូមទឹក បញ្ចូល​អាង​នេះ​ទាល់តែ​ការងារ​ស្រូវ​រដូវប្រាំង​បាន​បញ្ចប់​រួចរាល់​ទាំងអស់​។​នៅក្នុង​នោះ នៅ​ព្រែក​ហាស់ ឃុំ​ឈើ​ទាល់ ឯកឧត្តម ម៉ៅ ភិ​រុណ ឧបត្ថម្ភ ប្រេង​៣​ពាន់​លីត្រ និង នៅ​ចំណុច​ចុង​ខ្សាច់ បាន​ឧបត្ថម្ភ ប្រេង ២​ពាន់​៤០០​លីត្រ ៕

darith-37 darith-39 darith-40