ក្រុមប្រឹក្សា​ខេត្តកំពត​ធ្វើ​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ដោះស្រាយ​កង្វល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដងទង់​

199

កំពត​៖ ក្រុមប្រឹក្សា​ខេត្តកំពត​បាន​បើក​ធ្វើ​អង្គ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​នៅ​ស្រុក​ដងទង់​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ដោយមាន​ការចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សា​ គណៈ​អភិបាលខេត្ត ស្រុក​ ឃុំ ​មន្ទីរ​ជំនាញ​និង​ប្រជាពលរដ្ឋ សរុប​ចំនួន​ប្រមាណ​២០០​នាក់​។​ឯកឧត្តម​ អ៊ឹង​ម៉េង​ហួរ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាន​បញ្ជាក់​ថា​មតិយោបល់​និង​អនុសាសន៍​បាន​ពី​ក្នុង​អង្គ​វេទិកា​នា​ពេល​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​កែ​លម្អ​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ព្រោះ​យើង​ទាំង​អស់​គ្នា​ចង់​ទទួល​បាន​សេវា​សាធារណៈ​និង​សេវា​រដ្ឋបាល ខេត្ត​រដ្ឋបាល​ក្រុង​ស្រុក​និង​រដ្ឋបាល​ឃុំ សង្កាត់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ក​ម្រឹត​ជីវភាព​ប្រជាពលរដ្ឋ​និង​ក៏បាន​បង្ហាញ​ឱ្យ​យើង​ទាំង​អស់​គ្នា​ឃើញថា​ពិសេស​ប្រជាពលរដ្ឋ​បាន​កំពុង​ចូលរួម​សកម្ម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​យ៉ាង​បរិបូណ៌​ពិតប្រាកដ​។​

ក្នុង​វេទិកា​ពេលនេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​លើក​ជា​សំណូម​ពរ​មាន​ ១៥​បញ្ហា ​ពាក់ព័ន្ធ​ ផ្លូវ សាលារៀន​ ប្រព័ន្ធ​ធារាសាស្ត្រ​បញ្ហា​រោង​ចក្រ​ស៊ីម៉ងត៍​ខេ​ស៊ីម៉ិ​ន​នៅក្នុង​ស្រុក​ដងទង់​តែ​ជួយ​អភិវឌ្ឍន៍​ជូន​ប្រជាជន​តែ​ក្នុងស្រុក​បន្ទាយមាស​មាន​ព្រំប្រទល់​ស្រុក​ជាប់​គ្នា​ បញ្ហា​ល្បែង​ស៊ីសង ​បញ្ហា​សុំ​ជួយ​មធ្យោបាយ​ដល់​ជន​ពិការ​ បញ្ហា​កុងទ័រ​អគ្គិសនី​ដើរ​លឿន​ខុស​ប្រក្រតី ​បញ្ហា​សុំ​ពង្រីក​បណ្ដាញ​អគ្គិសនី​និង​បញ្ហា​សេវា​រដ្ឋបាល​ផង​ដែរ​។​

ឆ្លើយតប​ដោះស្រាយ​ក្រុមប្រឹក្សា​ខេត្ត​និង​អាជ្ញាធរ​ខេត្តកំពត​បាន​បំភ្លឺ​បាន​១១​បញ្ហា​នៅសល់​៤​បញ្ហា គឺ​បញ្ហា​ផ្លូវ​ការ​សុំ​សង់​តូប​លក់ដូរ សាលារៀន​និង​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​បញ្ហា​ទាំងនេះ​អាជ្ញាធរ​ខេត្ត​និង​សិក្សា​ជាមួយ​មន្ទីរ​ជំនាញ​ឬ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​បន្ត​ទៀត​៕