អតីត​យោធា​សារភាព​សម្លាប់​កូន​ពីរ​នាក់​ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែង​

360

ភ្នំពេញ៖​ អតីត​វរសេនីយ៍ទោ​យោធា​ផ្នែក​រដ្ឋបាល​ក្នុង​អង្គភាព​កងវិស្វកម្ម​ម្នាក់ សារភាព​ចំពោះមុខ​ចៅក្រម​សាលាឧទ្ធរណ៍ ថា ពិតជា​បាន​សម្លាប់​កូនប្រុស​អាយុ​០៦​ឆ្នាំ​និង​ម្នាក់ទៀត​អាយុ​៣​ឆ្នាំ ប្រាកដ​មែន​។ ការ​សម្លាប់​នេះ ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែងលះ ដែល​គាត់​នឹង​សម្លាប់​ខ្លួន​តាម​ក្រោយ តែ​ត្រូវ​នគរបាល​រារាំង​ទាន់ពេល​។ ក្នុង​សវនាការ ជនជាប់ចោទ​ស្នើឱ្យ​មានការ​បន្ធូរបន្ថយ​ទោស​ក្រោម​២០​ឆ្នាំ ដែល​តុលាការ​ថ្នាក់ក្រោម​បានសម្រេច តែ​ចៅក្រម​យល់​ឃើញថា ដាក់គុក​មួយ​ជីវិត​ទើប​សម​។​

ជនជាប់ចោទ​ឈ្មោះ កែវ ឡា​ដាំង អាយុ​៤១​ឆ្នាំ បាន​និយាយ​ក្នុង​សវនាការ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ថា មូលហេតុ​គាត់​សម្លាប់​កូន ព្រោះ​ខឹង​ប្រពន្ធ​លែងលះ​គាត់​។ ដូច្នេះ ​គាត់​គិត​សម្លាប់​ខ្លួន​តាម​ក្រោយ តែ​គាត់​នឹង​សម្លាប់​កូន​ជាមុន សិន​ព្រោះ​កូនៗ​ស្រឡាញ់​គាត់​ណាស់ តែ​គាត់​មិន​ស្លាប់​។​

ក្រោយ​ការ​លើកឡើង​របស់​ជន​ជាប់ចោទ ចៅក្រម​សាលាឧទ្ធរណ៍ លោកស្រី ចាន់ ម៉ា​ឌី​ណា បាន​និយាយ​ថា «​បើ​អ្នក​ចង់​សម្លាប់​ខ្លួនឯង ហេតុអ្វី​សម្លាប់​កូន​ទៅវិញ មិន​ទុក​ឲ្យ​គ្នា​បានឃើញ​ពន្លឺព្រះអាទិត្យ​ផង​? អ្នក​សុំ​ឲ្យ​តុលាការ​បន្ថយទោស ប៉ុន្តែ​អ្នក​ថា​ស្រឡាញ់​កូន បើ​អ្នក​គិតថា ស្រឡាញ់​កូន​មែន គួរតែ​ជាប់គុក​មួយ​ជីវិត​ទើប​សម​»​។​

ហេតុការណ៍​សម្លាប់​កូន​ខ្លួនឯង​ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១២ នៅក្នុង​ផ្ទះល្វែង​មួយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ពាក់ព័ន្ធ​ករណីនេះ នា​ពេល​សវនាការ លោក អ៊ឹម វិជ្ជា ជា​តំណាង​មហាអយ្យការ បាន​ស្នើ​ឱ្យមាន​តម្កល់​ទោស​២០​ឆ្នាំ ដូច​ការសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដដែល ។​

លោក អ៊ី​ន គីម មេធាវី​ការពារ​ជនជាប់ចោទ​សន្និដ្ឋាន​ថា កូន​ក្តី​របស់​លោក​បាន​បាត់បង់​វិចារណញ្ញាណ ដោយសារ​ខឹង​ប្រពន្ធ​លែងលះ​គាត់​កើតរោគ​ចិត្ត​។ ជំងឺ​នេះ​គាត់​គិតតែ​ចង់​សម្លាប់​ខ្លួន​ប៉ុណ្ណោះ​។ លោក​បន្ត​ថា កូន​ក្តី​គ្មាន​ចេតនា​ណា​សម្លាប់​កូន​ទេ ដូច្នេះ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​មេត្តា​បន្ថយទោស​គាត់​។​

ទោះ​បីយ៉ាងណា ក្រោយ​ការ​សួរដេញដោល តុលាការ​បានសម្រេច​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​វិញ​៕​