លោក សុខ សម្បត្តិ ៖ រណ្តៅ​ដី​របស់​លោក ញឹក ផន ហៅ តា​កៅ ដែល​ឆក់​យក​ចិត្ត​មនុស្ស​ម្នាក់ និង​រង​របួស​ម្នាក់​នេះ គឺជា​រណ្តៅ​ដី​ខ្លាត​យក្ស​

336

​​ភ្នំពេញ​៖​ លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​នៅក្នុង​បរិវេណ​សាលាខណ្ឌ​ព្រែក​ព្នៅ នា​វេលា​ម៉ោង​ប្រមាណ ១១ និង​៣០​នាទី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា រណ្តៅ​ដី​របស់លោក ញឹក ផន ហៅ តា​កៅ ដែល​ឆក់​យក​ចិត្ត​មនុស្ស​ម្នាក់ និង​រង​របួស​ម្នាក់​នេះ គឺជា​រណ្តៅ​ដី​ខ្លាត​យក្ស ពី​ព្រោះថា គ្រាន់តែ​បាក់​ទំនប់ទឹក លិច​ចូល​រណ្តៅ​មួយ​នេះ គឺ​ទឹក​នៅក្នុង​ផ្ទៃ​បឹង​តា​មោក​ទាំងមូល ស្រក់​ប្រមាណ​ពី ៨​តិក​ទៅ​១​ម៉ែត្រ​។​

​​​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ក៏​បញ្ជាក់​ឲ្យ​ដឹង​ប្រាប់​ថា ក្រៅពី​ជនរងគ្រោះ​ទាំង ២​នាក់ គឺ​គ្មាន​នរណាម្នាក់​ទទួល​គ្រោះថ្នាក់​នោះឡើយ ដោយសារ​អ្នកធ្វើការ​នៅក្នុង​រណ្តៅ​ដី​ទាំងនោះ​បានដឹង​មុន ហើយ​បើកបរ​គ្រឿងចក្រ​ទាំងអស់​ចេញ​ក្រៅ​អស់ហើយ ។ ​​​

​​​ទោះយ៉ាងណា​ក្តី​បងស្រី​សូម​ឲ្យ​សមត្ថកិច្ច ជាពិសេស​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ មេត្តាជួយ​ដោះស្រាយ​រឿងនេះ​ឲ្យ​គាត់​ផង ពីព្រោះថា ពួកគាត់​រស់នៅ​ជាមួយ​ប្តី​មានកូន​ប្រុស​៦​នាក់ ក្នុងបន្ទុក កូនច្បង​មាន​អាយុ​១៤​ឆ្នាំ និង​កូន​ប្អូន ទើបតែ​មាន​អាយុ​១​ខួប ហើយ​រស់នៅ សព្វថ្ងៃ​ពឹងផ្អែក​ទៅ​ប្តី​ជា​អ្នកនេសាទ​ប៉ុណ្ណោះ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់​នៅក្នុង ១​ខែ តម្លៃ ១២​ម៉ឺន​រៀល​។​

សូមបញ្ជាក់​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ២០ និង​៣០​នាទី ទូក​អ្នក​រកត្រី និង​កំពឹស​ជាច្រើន​គ្រឿង​ត្រូវបាន​ទឹក​កួច​ចូលក្នុង​រណ្តៅ​ជីកដី​ដ៏​សែន​ជ្រៅ​មួយកន្លែង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​ឧកញ៉ា ញឹក ផន ហៅ តា​កៅ ស្ថិតក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ជីក​ជម្រៅ​យ៉ាងជ្រៅ​បណ្តាលអោយ​បាក់​ទំនប់ ជាហេតុ​នាំអោយ​ទឹក​ហូរ​ខ្លាំង​កួច​ទូក​ទាំងនោះ​ចុះក្រោម ប៉ុន្តែ​មិនទាន់​ដឹងថា មាន​មនុស្ស​របួស ឬក៏​ស្លាប់​ប៉ុន្មាន​នាក់​អោយ​ពិតប្រាកដ​នៅឡើយ​នោះទេ គ្រាន់តែ​រកឃើញ​បុរស​ម្នាក់​រងរបួស ហើយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​គេ​បាន​ព្យាយាម​ហែល​ឡើង​មកវិញ​។

បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​រងរបួស​ធ្ងន់​ឈ្មោះ ខន រ៉េត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែល​បាន​រួចផុតជីវិត​នោះបាន​ប្រាប់​អោយដឹងថា ដោយសារតែ​ជីវភាព​ក្រីក្រ​ពេក​នោះ រូបគេ​ជាមួយនឹង​អ្នកជិតខាង​ដ៏ទៃទៀត បាននាំគ្នា​ជិះទូក ដើម្បី​រកត្រី និង​កំពឹស​ក្នុង​ទំនប់​កប់​ស្រូវ​គ្រាន់​ចិញ្ចឹម​ក្រពះ ខ​ណះ​ពេល​កើតហេតុ​ក៏បាន​លឺស្នូរ​កាំភ្លើង​បាញ់​៣​ទៅ​៤​គ្រាប់ និង​សម្លេង​ស្រែកថា មិនអោយ​អុំទូក​ចូល​ជិត​កន្លែង​រណ្តៅ​ដី ភ្លាមនោះ​រូបគេ​ក៏បាន​អុំទូក​ចេញ​ដែរ ប៉ុន្តែ​ក៏​ស្រាប់តែ​បាក់​ទំនប់ បណ្តាលអោយ​ទឹក​ហូរ​ខ្លាំង​និង​កួច​ទូ​របស់គេ និង​អ្នក​ផ្សេងទៀត​ធ្លាក់ចុះ​តែម្តង តែ​សំណាងល្អ​រូបគេ​បាន​ព្យាយាម​ហែល​ឡើងមក​វិញ​រួច​ផុតពី​សេចក្តីស្លាប់ គ្រាន់តែ​រងរបួស​ធ្ងន់​ត្រង់​ចង្កេះ ហើយ​ត្រូវបាន​អ្នកជិតខាង​ដែល​ទៅជា​មួយ​ឃើញ​ក៏បាន​ទំនាក់ទំនង​អោយ​សមត្ថកិច្ច​ដឹក យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏​ដឹក​បន្ត យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

ភ្លាមៗ​នោះ​ដែរ​គេ​ឃើញ​មាន​វត្តមាន​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ ចុះ​មកដល់​មន្ទីរពេទ្យ ដើម្បី​មក​មើល​ជនរងគ្រោះ និង​ចុះ​ពិនិត្យនៅ​កន្លែង​កើតហេតុ ប៉ុន្តែ ​អ្វី​ដែល​គួរ​អោយ​ហួសចិត្ត​នោះ គឺ​កូនចៅ​ដែល​ប្រចាំការ​នៅក្នុង​រណ្ដៅ​ដី​នោះ​មិន​ឲ្យ​ចូល​សោះ សូម្បីតែ​អភិបាលខណ្ឌ​ដែលជា​អ្នកគ្រប់គ្រង​ក្នុងភូមិ​សាស្ត្រ​មួយ​នេះ ក៏​មិន​ចង់​អោយ​ចូល​ដែរ​៕

​​​