រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើ​ឲ្យ​អ្នក​នាំ​អង្ករ​ខ្មែរ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ កុំ​លាយ​អង្ករ​បរទេស​

235
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើ​ឲ្យ​អ្នក​នាំ​អង្ករ​ខ្មែរ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ កុំ​លាយ​អង្ករ​បរទេស

​តាកែវ ​៖ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា​ ​ បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​រកស៊ី​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស កុំ ​យក​អង្ករ​ប្រទេសជិតខាង​លាយ​ជាមួយ​អង្ករ​ខ្មែរ​ហើយ​ធ្វើការ​នាំចេញ ​ ជាពិសេស​យក ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប ។

ឯកឧត្តម​លើក​ហេតុផល​ថា ប្រការនេះ​វា​នឹងធ្វើ​អោយ​ខូច​កិត្តិយស​ប្រទេស​នៅ ​ពេលដែល​គេ​ដឹង​ការពិត ។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក សម្ពោធ​អាគារ​ភ្នាក់ងារ​ចែកចាយ​គូ​បូ​តា​ ហួត ពៅ ខេត្តតាកែវ ។

ឯកឧត្តម​ពន្យល់​ថា​ ការនាំ​អង្ករ​ខ្មែរ​ចេញទៅ​លក់​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង ​ពិភពលោក ជាពិសេស​ការ​នាំ​ចេញទៅ​សហគមន៍​អឺរ៉ុប គឺ​ត្រូវ​បាន​លើកលែង​ពន្ធ ទាំងស្រុង​។ ប៉ុន្តែ​ប្រសិនបើ​គេ​រក​ឃើញ​ថា​ មាន​អង្ករ​បរទេស​លាយ​ជាមួយ​អង្ករ​ខ្មែរ ហើយ​នាំចេញ​នោះ ​គេ​នឹង​បញ្ឈប់​លែង​អោយ​នាំចូល​ប្រទេស​គេ ឬ ម្យ៉ាងទៀត គេ អោយ​បង់ពន្ធ​ពេញ​តែម្ដង ។

ឯកឧត្តម​ បាន​ណែនាំ​ថា ​ ដូច្នេះ​ អ្នករកស៊ី​នាំ​អង្ករ​ចេញ​ត្រូវ​មាន​សេចក្ដីថ្លៃថ្នូរ និង ​ត្រូវ​មាន​ក្រម​សីលធម៌ ដោយ​មិន​ត្រូវ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ​នាំ​អោយ​បាត់បង់ កិត្តិយស​ជាតិ និង ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នោះទេ ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​អោយដឹងថា ​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​សហ​ការ ជាមួយ​អគ្គនាយក​ដ្ឋាន​គយ និង រដ្ឋាករ និង អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ ។​
​ឯកឧត្តម​ បញ្ជាក់ថា​ការ​ធ្វើ​កិច្ចការ​នេះ គឺ​ដើម្បី​កុំ​អោយ​កិត្តិយស​អង្ករ​ខ្មែរ​ដែល ​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​លេខ​មួយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ថា ជា​អង្ករ​ល្អ​ជាងគេ នៅ​លើ​ពិភពលោក​នោះ បាត់បង់​ដោយសារតែ​អ្នក​រកស៊ី​ខិលខូច​មួយ​ក្ដាប់​តូច​ទេ ៕