អភិបាលខេត្ត​ជំរុញ​អោយ​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត​ក្រុង ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​ក្នុង​រឿង​ការ​សង់​សំយាបផ្ទះ​លាន​លយ​គ្រប​ផ្លូវ​សាធារណៈ​

403
អភិបាលខេត្ត​ជំរុញ​អោយ​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត​ក្រុង ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​ក្នុង​រឿង​ការ​សង់​សំយាបផ្ទះ​លាន​លយ​គ្រប​ផ្លូវ​សាធារណៈ​

កំពង់ឆ្នាំង​៖​ កាល​ពី​​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​រវាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ និង​ម្ចាស់​ផ្ទះថ្ម​មួយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា បាន​សង់​សំយាបផ្ទះ​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ​មួយ​ខ្សែ​ចូល​ភូមិ ស្ថិតនៅ​ភូមិ​ផ្សារ​លើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត​ក្រុង និង​អាជ្ញាធរ​ក្រុង មន្ទីរ ការិយាល័យ​ដែល​ពាក់ព័ន្ធ​។​

 
​    ​លោក ម៉ម ឈឿ​ម អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​អោយ​ដឹង​ថា​ នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​រវាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ ដែល​កំពុង​ប្រើប្រាស់​ផ្លូវ និង​ម្ចាស់ផ្ទះ​ឈ្មោះ លៀង សុ​ង៉ូ​វ ប្រពន្ធ​ឈ្មោះ ឌិន ផល្លា ដែល​ប្រជាពលរដ្ឋ​ចោទ​ថា បាន​សង់​សំយាបផ្ទះ​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ហើយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​អោយ​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត​ក្រុង ដោះស្រាយ​ជាបន្ទាន់​អោយ​មាន​តម្លាភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដែល​ភាគី​ទាំងសងខាង​អាច​ទទួល​យក​បាន​។​

 
​    ​គួរ​រំលឹក​ថា​​ នៅក្នុង​អំឡុង​ឆ្នាំ​២០១២ ឈ្មោះ គឹម យឹត អាយុ​៤២​ឆ្នាំ​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ ស្មើនឹង​៣១៤​នាក់ ត្រូវ​បាន​លោក លៀង សុ​ង៉ូ​វ និង​ប្រពន្ធ​ឈ្មោះ ឌិន ផល្លា ជា​ម្ចាស់ផ្ទះ​ប្តឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​វិញ​ក្នុងករណី​រំខាន​ដល់​ការសាងសង់​ផ្ទះថ្ម​។ ក្រោយមក​លោក​ចៅក្រម សាន សុផាត និង​ក្រឡាបញ្ជី ឯម ស្រី​ធា បាន​កាត់ក្តី​អោយ​ឈ្មោះ គឹម យឹត និង​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​ចាញ់ក្តី​ដោយ​តំរូវ​អោយ​សង​ប្រាក់​ទៅ​ម្ចាស់​សំណង់​ចំនួន​៥​ពាន់​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​, និង​៥​លាន​រៀល​ថ្លៃ​ជម្ងឺ​ចិត្ត​។​

 
​    ​ក្នុង​ករណី​នេះ​ឈ្មោះ គឹម យឹត និង​ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ​មិន​សុខចិត្ត​ក្នុងករណី​ដោះស្រាយ​ក្តី​របស់​ចៅក្រម សាន សុផាត មាន​ភាព​មិន​ប្រក្រតី ក៏បាន​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ហើយ​ជា​លទ្ធផល ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​គឺ​លោក តាំង ស៊ុន​ឡាយ បាន​កាត់ក្តី​លុបចោល​សាលក្រម​រដ្ឋប្បវេណី​លេខ​០៨ «​ង​»​ ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៣ របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​និង​បញ្ឈប់​ការ​ប្តឹងផ្តល់​របស់​ភាគី​ទាំងពីរ​។​បន្ទាប់មក​ក៏​មានការ​អន្តរាគមន៍​ពី​សម្ដេច​ចៅហ្វា​វាំង គង់ សំអុល តំណាងរាស្ត្រ​មណ្ឌ​ល​កំពង់ឆ្នាំង និង​ឯកឧត្តម ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អោយ​អាជ្ញាធរ​ខេត្ត​ក្រុង​ដោះស្រាយ​ករណីនេះ​ជូន​ប្រជាពលរដ្ឋ​។​

 
​    ​លោក គឹម យឹត តំណាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ​បាន​ឲ្យ​ដឹង​​កាល​ពី​​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​ ថា​ លោក​និង​ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង និង​លោក​ចៅក្រម សាន សុផាត ដែល​កាត់ក្តី​អោយ​ប្រជាពលរដ្ឋ​ចំនួន​៣១៤​នាក់​ចាញ់ក្តី​ទោះបីជា​មានការ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​យ៉ាងណា​ក៏ដោយ​។​ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​គឺ​រុះ​សំយាបផ្ទះ​ចេញពី​លើ​ផ្លូវ​សាធារណៈ​។​

 
​    ​ដោយឡែក​ស្ត្រី​ឈ្មោះ ឌិន ផល្លា ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា​ សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​ក៏​​បាន​បញ្ជាក់​​អោយ​ដឹង​ដែរ​ថា គាត់​សង់​ទៅតាម​ប្លង់​ដែល​ចេញ​ដោយ​សុរិយោដី​ក្រុង និង​ច្រក​ចេញ​ចូល​តែមួយ​របស់​អាជ្ញាធរ​ក្រុង គឺ​គាត់​មិនបាន​សង់ផ្ទះ​គ្មាន​ច្បាប់​នោះ​ឡើយ​។​ គាត់​បាន​បន្ថែម​ថា បើសិនជា​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ថា​គាត់​សង់​ខុស​ក៏​មិន​មែន​ជា​កំហុស​របស់​គាត់​ឡើយ គឺ​ទាំង​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ​សុរិយោដី​ក្រុង​ជា​អ្នកទទួលខុសត្រូវ​៕

darith-25 darith-24 darith-22